(ទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន)៖ កាលពីថ្ងៃទី១១ ខែកញ្ញា លោកលីហ្វ៊ី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋថា ពិព័រណ៍ចិន-អាស៊ានបានប្រព្រឹត្តទៅដោយជោគជ័យចំនួន២០លើករួចទៅហើយ អាចនិយាយបានថាបានប្រមូលផ្តុំនូវបទពិសោធន៍ជាច្រើន សម្រេចលទ្ធផលជាផ្លែផ្កាជាច្រើន វាបានបង្កើតវេទិកាដ៏សំខាន់មួយសម្រាប់ប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកាន់តែទូលំទូលាយ និងកាន់តែស៊ីជម្រៅ។ ឧទាហរណ៍៖កាហ្វេចុងយេនរបស់វៀតណាម ទុរេនមូសាំងឃីងរបស់ម៉ាឡេស៊ី អង្ករផ្កាម្លិះរបស់ប្រទេសថៃ ស្រាបៀរឡាវ និងផលិតផលពិសេសផ្សេងទៀតពីប្រទេសផ្សេងៗ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វាបានចូលទីផ្សារចិនដោយជោគជ័យ តាមរយៈពិព័រណ៍ចិន-អាស៊ាន ហើយត្រូវបានស្វាគមន៍ដោយអ្នកទិញចិន។

ពិព័រណ៍ចិន-អាស៊ានលើកទី២១នឹងបន្តអតីតកាលនិងតភ្ជាប់អនាគត លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការតាំងពិពណ៌ ប្រមូលផ្តុំនូវចំណេះដឹងរួមកាន់តែច្រើន ពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ជួយកសាងសហគមន៍ចិន-អាស៊ានដែលមានអនាគតរួមគ្នាឱ្យកាន់តែមានភាពជិតស្និទ្ធ។ អាស្រ័យលើស្ថានភាពរៀបចំបច្ចុប្បន្ន ការតាំងពិព័រណ៍នឹងមានភាពលេចធ្លោនិងវិធានការថ្មីៗដូចខាងក្រោម៖

ទី១៖ គឺការបន្ថែមមាតិកាថ្មីៗ ដើម្បីបង្ហាញពីលទ្ធផលនៃការអភិវឌ្ឍន៍។ពិព័រណ៍ចិន-អាស៊ានលើកនេះមានបន្ថែមនូវប្រធានបទយុទ្ធសាស្ត្រថ្មីៗ អនុវត្តតាមវិធានការយ៉ាងដិតដល់ចំពោះលក្ខខណ្ឌក្នុងស្រុក ដើម្បីអភិវឌ្ឍកម្លាំងផលិតភាពថ្មី ដាក់បង្ហាញរួមគ្នានៃការអភិវឌ្ឍន៍ និងកម្រិតបច្ចេកទេសចុងក្រោយបំផុតនៅក្នុងវិស័យដែលកំពុងរីកចម្រើនដូចជា បច្ចេកវិទ្យាឌីជីថល កាបូនទាបបៃតង ថាមពលថ្មី និងយានជំនិះដែលមានការតភ្ជាប់ឆ្លាតវៃ។ ក្រៅពីនេះទៅទៀត មានការរៀបចំតំបន់តាំងពិព័រណ៍ផលិតផលបច្ចេកវិទ្យាខ្ពស់អាស៊ានដែលទើបបង្កើតថ្មី ដាក់បង្ហាញរួមនូវសមិទ្ធិផលបច្ចេកវិទ្យាខ្ពស់ថ្មីៗដែលមកពីប្រទេសដូចជា សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ឥណ្ឌូនេស៊ី និងកម្ពុជា គ្របដណ្តប់លើឧស្សាហកម្មដូចជា សុខាភិបាល ជីវវេជ្ជសាស្ត្រ ថាមពលថ្មី និងសេវាកម្មព័ត៌មានវិទ្យា ជួយទៅដល់សហគ្រាសបច្ចេកវិទ្យាខ្ពស់អាស៊ានពង្រីកទីផ្សារក្នុងប្រទេសចិន និងក្រៅតំបន់។

ទី២៖ គឺផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីបង្ហាញពីរចនាប័ទ្មនៃដៃគូ។ ពិព័រណ៍ចិន-អាស៊ានលើកនេះនឹងធ្វើការអញ្ជើញប្រទេសឈូងសមុទ្រមកចូលរួមក្នុងការតាំងពិព័រណ៍នេះជាលើកទីមួយ អេមីរ៉ាតអារ៉ាប់រួមដើរតួជាដៃគូពិសេស និងរៀបចំក្រុមអ្នកទិញអេមីរ៉ាតអារ៉ាប់រួមដើម្បីចូលរួមសន្និសីទ។ លើកទីមួយអញ្ជើញប្រទេសឈូងសមុទ្រទាំងមូលមកចូលរួមក្នុងការតាំងពិព័រណ៍និងសន្និសីទ ផលិតផលពិសេសពីកាហ្សាក់ស្ថាន និងប្រទេសអង្គការកិច្ចសហប្រតិបត្តិការសៀងហៃផ្សេងទៀតនឹងត្រូវបានបង្ហាញជាសមូហភាព។ ប្រទេសសមាជិក RCEP ផ្សេងទៀតដូចជាអូស្ត្រាលី និងជប៉ុន ក៏ដូចជាក្រុមហ៊ុនមកពីបណ្តាប្រទេសជាច្រើនទៀតដែលសហការសាងសង់ “ខ្សែក្រវាត់មួយ និងផ្លូវមួយ” ដូចជាប៉ូឡូញ ស៊ែប៊ី និងប្រេស៊ីល ក៏នឹងចូលរួមក្នុងការតាំងពិព័រណ៍និងសន្និសីទនេះផងដែរ។

ទី៣៖ គឺពង្រឹងសេវាកម្មទីផ្សារ ដើម្បីពង្រីកមុខងារវេទិកា។ ពិព័រណ៍ចិន-អាស៊ានលើកនេះនឹងបន្ថែមពីបួនថ្ងៃទៅជាប្រាំថ្ងៃ លើសពីការពិព័រណ៍លើកមុនមួយថ្ងៃ ហេតុផលចម្បងគឺមានការបន្ថែមការបើកចំហជាសាធារណៈរយៈពេលមួយថ្ងៃ បែបនេះអាចអនុញ្ញាតឱ្យក្រុមហ៊ុននានាអាចចូលទៅកាន់ទីផ្សារបានកាន់តែពេញលេញ ហើយក៏អាចអនុញ្ញាតឱ្យសាធារណជនទូទៅមានអារម្មណ៍កាន់តែប្រសើរឡើងចំពោះផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។ ស្របពេលនេះដែរ ថែមទាំងបានធ្វើឲ្យប្រសើរឡើងនូវពិព័រណ៍ចិន-អាស៊ាននៅលើអ៊ីនធ័រណែត សាងសង់បាននូវសាលតាំងពិព័រណ៍អចិន្ត្រៃយ៍សម្រាប់ពិព័រណ៍ចិន-អាស៊ាន សម្របសម្រួលការតាំងពិពណ៌និងសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងអំឡុងពេលសន្និសីទនិងអំឡុងពេលធម្មតា ទាំងអនឡាញនិងក្រៅបណ្តាញ ទាំងក្នុងនិងក្រៅសារមន្ទីរ ធ្វើឱ្យមុខងារសេវាកម្មនៃពិព័រណ៍ចិន-អាស៊ានត្រូវបានពង្រីកពីរយៈពេលនៃការតាំងពិព័រណ៍ដល់ពេញមួយឆ្នាំ ធ្វើឱ្យមុខងារនៃវេទិកាដែលគ្មានទីបញ្ចប់នេះកាន់តែសម្បូរបែប៕