(កំពង់ស្ពឺ)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ ខ្សែ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងផ្លូវក្រាលកៅស៊ូ DBST នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នាឱកាសនោះលោក ផូ ផារិទ្ធ បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការងារស្ថាបនា ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីសម្រួលដល់សហគមន៍ និងការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ។

លោក ផូ ផារិទ្ធ បានបន្តថា ផ្លូវក្រាលបេតុង និងក្រាលកៅស៊ូ DBST នៅក្នុងខេត្តទាំងពីរខាងលើនេះ បានកំពុងផ្តល់ប្រយោជន៍យ៉ាងសំខាន់ ក្នុងការជំរុញដំណើរសេដ្ឋកិច្ច និងសង្គមនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ជាពិសេសការជំរុញអភិវឌ្ឍទៅកាន់តំបន់ផលិតកម្ម រោងចក្រ សហគ្រាស និងអាជីវកម្មនានា ដើម្បីបង្ករលក្ខណៈងាយស្រួលនៃការសម្រួលដល់ការ ធ្វើពាណិជ្ជកម្ម ហេីយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រដល់រាល់កម្មវិធីកាត់បន្ថយភាពក្រីក្រ នៅតំបន់ជនបទ។

ជាមួយគ្នានោះ លោក ផូ ផារិទ្ធ បានជម្រាបជូនអាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវទាំងនោះថា ផ្លូវទាំងនេះគឺបានបញ្ចប់សុពលភាពក្នុងការថែហើយដូច្នេះសូមឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋានចូលរួមថែទាំផ្លូវទាំងនេះឱ្យបានគង់វង់យូរអង្វែង។ ការចូលរួមថែទាំផ្លូវបានល្អ ក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែទាំសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។

នៅការចុះពិនិត្យផ្លូវនេះដែរលោក ផូ ផារិទ្ធ រួមជាមួយគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេចបានខិតខំប្រឹងប្រែងជំរុញឱ្យ តំបន់ជនបទមានការអភិវឌ្ឍ រីកចម្រើន និងបច្ចុប្បន្នបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕