(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតជូន ឯកឧត្តម ថងលូន ស៊ីស៊ូលីត ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយ និងសេចក្តីអាណិតអាសូរចំពោះប្រជាជន និងរដ្ឋាភិបាលឡាវ ដែលរងគ្រោះដោយទឹកជំនន់ បង្កឡើងដោយព្យុះទីហ្វុង យ៉ាហ្គី។

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូចតទៅ៖

«ឯកឧត្តមប្រធានាធិបតីជាទីគោរព!

ខ្ញុំបានកត់សម្គាល់នូវការខូចខាតដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយព្យុះទីហ្វុង យ៉ាហ្គី នៅក្នុងខេត្តភាគខាង ជើងនៃប្រទេសឡាវ និងវិធានការបន្ទាន់នានា ដែលត្រូវបានអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បី ឆ្លើយតបទៅនឹងការកើនឡើងកម្ពស់ទឹកនៅតាមដងទន្លេមេគង្គ។

អ្វីដែលជាការព្រួយបារម្ភខ្លាំង គឺ ស្ថានភាពទឹកជំនន់នៅក្នុង ខេត្តហ្លួងណាំថា ដែលមានភូមិចំនួន ៣៥ និង តំបន់សេដ្ឋកិច្ចពិសេសត្រូវបានជន់លិច បណ្តាលឱ្យមានការបាត់បង់អាយុជីវិតមួយនាក់ និងមានការ ជម្លៀសមនុស្សចេញពីមន្ទីរពេទ្យ។

ក្នុងពេលវេលាដ៏ក្រៀមក្រំនេះ តាងនាមប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយ និងសេចក្តីអាណិតអាសូរជាពន់ពេក ចំពោះ ឯកឧត្តម និងតាមរយៈ ឯកឧត្តម ជូនដល់ក្រុមគ្រួសារនៃជន រងគ្រោះ ក៏ដូចជារដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទាំងអស់ ចំពោះការបាត់បង់ទាំងនេះ។ ខ្ញុំសូមសម្តែងនូវសាមគ្គីភាពជាមួយប្រជាជនឡាវ ដែលជាអ្នកជិតខាងរបស់ កម្ពុជា នៅក្នុងអំឡុងពេលដ៏លំបាកនេះ។ ខ្ញុំមានទំនុកចិត្តលើវិធានការការពារនិងសង្គ្រោះដែលកំពុងត្រូវ បានអនុវត្ត ហើយសូមជូនពរប្រទេសឡាវឱ្យបានស្ដារឡើងវិញពីគ្រោះមហន្តរាយធម្មជាតិនេះ ក្នុងពេលដ៏ ខ្លីខាងមុខនេះ

សូម ឯកឧត្តម ទទួលសាជាថ្មីនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕