(វៀងច័ន្ទ)៖ តបតាមការអញ្ជើញរបស់ លោក Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងច័ន្ទ។

នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Malaithong Kommasith ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃសមិទ្ធផលសំខាន់ៗ នៅក្រោមការធ្វើជាប្រធានអាស៊ានឆ្នាំ២០២៤ របស់ប្រទេសឡាវ ជាពិសេស ផ្តោតលើការសម្រេចបាននូវអាទិភាពសេដ្ឋកិច្ច។

បណ្ឌិត កៅ គឹមហួន បានថ្លែងអំណរគុណប្រទេសឡាវ សម្រាប់ការរៀបចំបានយ៉ាងល្អប្រសើរ និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ ហើយក៏បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តដើម្បីជួយគាំទ្រកិច្ចប្រជុំទាំងនេះ ដើម្បីធានាបាននូវជោគជ័យដ៏ត្រចះត្រចង់។

នៅព្រឹកដដែល អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយ ក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។ កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលគ្របដណ្តប់បញ្ហានានា ស្តីពីពាណិជ្ជកម្មទំនិញ ការសម្របសម្រួលពាណិជ្ជកម្ម ស្តង់ដារ និងសមាហរណកម្មគយ ដើម្បីសម្របសម្រួល និងជំរុញពាណិជ្ជកម្មក្នុងរង្វង់អាស៊ានបន្ថែមទៀត និងដើម្បីធានានូវលំហូរទំនិញដោយរលូននៅក្នុងតំបន់។

នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកអគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថាបើក នៅក្នុងវេទិកាកម្រិតខ្ពស់ស្តីពីការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់៖ បញ្ហា និងការប្រឈមសំខាន់ៗ។ វេទិកានេះ ត្រូវបានចូលរួមដោយបណ្តារដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងជាន់ខ្ពស់មកពីវិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញវិធានការនានាដើម្បីពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងអាស៊ាន។

លោកអគ្គលេខាធិការអាស៊ាន ក៏បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (AIA) ។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈជុំវិញយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមថ្នាក់តំបន់ ដើម្បីធានាថា អាស៊ាននៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគ ខណៈដែលដើរឱ្យទាន់ការអនុវត្តវិនិយោគទំនើប និងការអភិវឌ្ឍកំពុងលេចឡើង ជាពិសេស ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ បណ្តារដ្ឋមន្ត្រីមកពីប្រទេសសមាជិកអាស៊ានមួយចំនួនក៏បានចុះហត្ថលេខាលើពិធីសាលើកទី ៥ ដើម្បីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយអាស៊ាន (ACIA) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។

បន្ទាប់មក អគ្គលេខាធិការអាស៊ាន បានអញ្ជើញទទួលពិធីសាទី ៥ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយអាស៊ាន (ACIA)  ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសសមាជិកអាស៊ានមួយចំនួន។ ពិធីសានេះ ពង្រឹងភាពច្បាស់លាស់ និងតម្លាភាពចំពោះអ្នកវិនិយោគស្តីពីរបបវិនិយោគនៅក្នុងអាស៊ាន។ ពិធីសានេះសំដៅធានាថា ACIA នៅតែមានភាពចាំបាច់ ទំនើប សំឡឹងឆ្ពោះទៅមុខ និងបន្សុំាចំពោះទិដ្ឋភាពធុរកិច្ច។ ប្រទេសដែលមិនទាន់បានចុះហត្ថលេខានឹងចុះហត្ថលេខាលើពិធីសានេះ នៅពេលដែលពួកគេបញ្ចប់នីតិវិធីក្នុងស្រុកសម្រាប់ការចុះហត្ថលេខា។

លោកបានចូលរួមក្នុងកិច្ចសន្ទនាវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) ។ កិច្ចប្រជុំបានពិភាក្សាអំពីអនុសាសន៍របស់វិស័យឯកជន ដោយផ្តោតលើការធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យដែលកំពុងលេចឡើង ដោយប្រើប្រាស់បរិវត្តកម្មឌីជីថល ជាកាតាលីករសម្រាប់ការផ្លាស់ប្តូរ និងនវានុវត្តន៍ សម្របសម្រួលការផ្លាស់ប្តូរបៃតងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ចាប់តាំងពីឆ្នាំ២០០៣ មក ASEAN-BAC បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់ជាមួយវិស័យឯកជននៅក្នុងអាស៊ាន ដែលសំលេងរបស់វិស័យឯកជនចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ឆ្ពោះទៅសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ ក្រៅពីផ្តល់នូវមតិរបស់វិស័យឯកជនលើការអនុវត្តគំនិតផ្តួចផ្តើមសេដ្ឋកិច្ចថា្នក់តំបន់របស់អាស៊ាន ASEAN-BAC ក៏កំណត់វិស័យអាទិភាពនានាដាក់ជូនប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានពិចារណាផងដែរ៕