(ភ្នំពេញ)៖ លោក សាន សាង អតីតអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាសមាជិកកម្មាធិការ​នាយក នៃអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការរួមរស់ជាមួយគណបក្សប្រជាជន​កម្ពុជា បានចូលរួមក្នុងការបម្រើជាតិ និងប្រជាជន ពោលគឺបានទាំងបម្រើ ការពារ និងសង្គ្រោះ។ ផ្ទុយទៅវិញការរស់នៅជាមួយជនក្បត់ជាតិ សម រង្ស៉ី មិនបានជួយអ្វីទាំងអស់ គ្រប់បែបយ៉ាងគ្រាន់​តែជាការយល់សប្តិ។

លោក សាន សាង លើកឡើងបែបនេះ ក្នុងពេលស្វាគមន៍សកម្មជនអតីតបក្សប្រឆាំង ដែលបាន​ចូល​រួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោក សាន សាង ជាក្បាលម៉ាស៊ីនបក្សប្រឆាំង​មួយ​រូប ដែលបានធ្វើសកម្មភាពនយោបាយជាមួយ សម រង្ស៉ី តាំងទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។

លោក សាន សាង មានអតីតភាពជាអ្នកតំណាង​រាស្ត្រ​មណ្ឌលតាកែវ និងជាសមាជិកកម្មា​ធិការ​នាយក នៃអតីតគណបក្សសង្គ្រោះជាតិ។ លោកអតីតអនុប្រធានគណបក្ស សម រង្ស៊ី ប្រចាំខេត្ត​តាកែវ និងជាអតីតប្រធានមិត្តសមាគម ខ្មែរកម្ពុជាក្រោមពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ បច្ចុប្បន្នជា​អនុប្រធានសមាគមខ្មែរកម្ពុជាក្រោម។

បន្ទាប់ពីឆ្អែតឆ្អន់នឹងជីវិតនយោបាយជាមួយ សម រង្ស៉ី ដែលគ្មានកោះត្រើយ លោក សាន សាង ក៏បានសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងឆ្នាំ២០២៤នេះ។ លោក សាន សាង បានហៅការវិលមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ជាការវិលត្រឡប់មកផ្ទះ​ចាស់​។

ថ្លែងទៅកាន់សកម្មជនបក្សប្រឆាំងដែលទើបចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា លោក សាន សាង បានចាត់ទុកជនក្បត់ជាតិ សម រង្ស៉ី ជាអ្នកនយោបាយរវើរវាយធ្វើការតាម​ជំនោរ​​អារម្មណ៍គ្មានគោលដៅ គ្មានយុទ្ធសាស្ត្រអ្វីនោះឡើយ។

លោក សាន សាង ចាត់ទុកជីវិតនយោបាយជាមួយជនក្បត់ជាតិ សម រង្ស៉ី គឺជារឿងឥត​ប្រយោជន៍​មិនបានជួយអ្វីដល់ជាតិនោះឡើយ។ ក្នុងឱកាសនោះ លោក សាន សាង ក៏បានរំលឹក​រឿងដកបង្គោលតម្រុយព្រំដែន នៅក្នុងភូមិកោះក្បាន ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាល​ពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៩។

លោក សាន សាង បានរំលឹកថា គោលបំណងធំនៃការចុះទៅ​ខេត្ត​ស្វាយ​រៀងនាពេលនោះ គឺធ្វើបុណ្យកឋិននៅវត្តមួយជាប់ព្រំដែន គឺមិនមានផែនការត្រូវចុះទៅមើល​ព្រំ​ដែន ឬដក​បង្គោល​ព្រំដែនអ្វីនោះឡើយ។

ស្រាប់តែពេលចុះទៅដល់វត្តជាប់ព្រំដែន ក៏បង្ហួសទៅដកបង្គោលតម្រុយព្រំដែនតែម្តង។ លោក សាន សាង បានលើកឡើងថា ការដកបង្គោលព្រំដែនជាកំហុសមួយទៅហើយ ដ្បិតថាក្នុងនាមជាប្រធានបក្ស​នយោបាយមួយ គ្មានសិទ្ធិក្នុងការដកបង្គោលព្រំដែននោះឡើយ។ ប៉ុន្តែរឿងកាន់តែធំទៀតនោះ ក្រោយ​ពេលដកហើយ នាំយកបង្គោលព្រំដែនទាំងនោះមករក្សាទុកនៅទីស្នាក់ការគណបក្សទៀត។

ផ្តើមចេញពីរឿងដកបង្គោលតម្រុយព្រំដែននេះ ធ្វើអាជ្ញាធរខេត្តស្វាយរៀងប្តឹង ហើយលោក សម រង្ស៉ី ក៏រត់​គេចខ្លួននៅក្រៅប្រទេស រហូតដល់ខែកក្កដា ឆ្នាំ២០១៣ ទើបបានត្រឡប់ចូលប្រទេសវិញ បន្ទាប់​ពីធ្វើ​លិ​ខិត​សុំទោសសម្តេចតេជោ ហ៊ុន សែន៕