(ហ្វូគូស៊ីម៉ា,ជប៉ុន)៖ យុវជនកម្ពុជា និងទីម័រ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានអនុញ្ញាតឲ្យចុះទៅបំពេញទស្សនកិច្ចសិក្សា និងស្វែងយល់នៅវារីអគ្គិសនី NICCHU ដែលស្ថិតនៅក្នុងក្រុងគិតាកាតា (Kitakata) ខេត្តហ៊្វូគូស៊ីម៉ា (Fukushima)។ វារីអគ្គិសនីមួយនេះ មិនត្រឹមតែអាចផ្គត់ផ្គង់ថាមពលអគ្គិសនី សម្រាប់ប្រាស់នោះទេ តែវាក៏ជាវារីអគ្គិសនីមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីទប់ទឹកជំនន់ និងទាញយកទឹកសម្រាប់ស្រោចស្រពដំណាំ និងបំពេញការប្រើប្រាស់របស់ប្រជាពលរដ្ឋផងដែរ។
លោក អ៉ិនដូ អ្នកគ្រប់គ្រងវារីអគ្គិសនី NICCHU បានឲ្យដឹងថា ប្រទេសជប៉ុន បានបង្កើតវារីអគ្គសិនីដើរដោយកម្លាំងទឹកសរុប ២,៧៥០កន្លែង ដើម្បីបំពេញការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្មព្រមទាំងវិស័យផ្សេងៗទៀតនេះ ខណៈដែលខេត្តហ្វូគូស៊ីម៉ា មានវារីអគ្គិសនីរហូតដល់ ៩០កន្លែង។
វារីអគ្គសិនី NICCHU គឺជាវារីអគ្គិសនីមួយ ដែលបានបង្កើតដើម្បីផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋ ក្រៅពីការទាញយកថាមពលអគ្គិសនី។ បើតាមលោក អ៉ិនដូ បានឲ្យដឹងថា វារីអគ្គសិនី NICCHU ត្រូវបានប្រើប្រាស់ ដើម្បីទាញយកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំ ហើយវារីអគ្គិសនីនេះ ប្រើដើម្បីទប់ស្កាត់ជំនន់ទឹកភ្លៀងផងដែរ។
វារីអគ្គិសនី NICCHU ត្រូវបានសាងសង់ឡើងនៅចំកណ្តាលប្រជុំភ្នំ នៅក្នុងឆ្នាំ១៩៧៩ ហើយត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងនៅ ក្នុងឆ្នាំ១៩៩១ និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៩២ ដោយចំណាយថវិកា ៥៧.៥ពាន់លានយ៉េន ស្មើនិងជាង ៥៦២លានដុល្លារ។
លោក អ៉ិនដូ បានឲ្យដឹងផងដែរថា វារីអគ្គសិនី ត្រូវបានសាងសង់ឡើង បន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយគ្រោះទឹកជំនន់ហូរធ្លាក់ពីលើជួរភ្នំនៅឆ្នាំ១៩៦៧។ វារីអគ្គិសនី NICCHU គឺជារបាំងទប់ទឹកជំនន់ដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋផងដែរ។
វារីអគ្គសិនី NICCHU អាចផលិតថាមពលបាន ១៧០០គីឡូវ៉ាត់ នៅពេលដែលទឹកឡើងពេញអាង ដែលមានកម្ពស់ប្រមាណ៩០ម៉ែត្រ។
អ្វីដែលជាការគត់សម្គាល់នោះ សំណង់វារីអគ្គិសនី NICCHU មានសភាពរឹងម៉ាំខ្លាំង។ បើតាមលោក អ៉ិនដូ គ្រោះរញ្ជួញដ៏ខ្លាំងក្លានៅក្នុង ឆ្នាំ២០១១ ក្នុងខេត្តហ៊្វូគូស៊ីម៉ា ក៏ទំនប់វារីអគ្គិសនីនេះ មិនមានជួបបញ្ហាខូវខាតនោះឡើយ។ ស្ថានីយវារីអគ្គិសនី NICCHU ត្រូវបានបំ ពាក់កាមេរ៉ា និងបំពាក់ម៉ាស៊ីនតាមដានគ្រោះរញ្ជួយដីជារៀងរាល់ថ្ងៃផងដែរ ដើម្បីតាមដានដំណើរការរបស់វារីអគ្គិសនី។
ក្រោយពេលបានដើរទស្សនានៅស្ថានីយវារីអគ្គិសនីរួចហើយ ក្រុមយុវជនទាំងកម្ពុជា និងទីម័រ គេបានវាយតម្លៃខ្ពស់ទៅលើភាពប៉ិនប្រសប់ និងការកែច្នៃខ្ពស់របស់ជប៉ុន ដោយបានប្រើប្រាស់អស់លទ្ធភាពក្នុងការកែច្នៃទឹកនៅក្នុងអាងវារីអគ្គិសនីជាប្រយោជន៍សម្រាប់ប្រ ជាពលរដ្ឋ។
យុវជន រិទ្ធីដែន មកពីប្រទេសកម្ពុជា នៅក្នុងសារថ្លែងអំណរគុណចំពោះលោក អ៉ិនដូច អ្នកគ្រប់គ្រងវារីអគ្គិសនី បានថ្លែងថា ក្រោយពេលការដើរមើលសំណង់ និងដំណើរការវារីអគ្គិសនីហើយ ធ្វើឲ្យរូបគេបានយល់ដឹងច្រើនពីសារៈប្រយោជន៍របស់វារីអគ្គិសនី ដែលវាបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ថាមពលអគ្គិសនីបំពេញការប្រើប្រាស់របស់ប្រជាពលរដ្ឋមួយផ្នែក និងមួយផ្នែកទៀត ក៏ជាការរួមចំណែកដល់ការអភិវឌ្ឍប្រទេសផងដែរ។ ព្រោះថា វិស័យឧស្សាហកម្មនានា មិនអាចដំណើរការបានឡើយប្រសិនបើគ្មាន ថាមពលអគ្គិសនីទេនោះ។
សូមបញ្ជាក់ថា ក្រុមយុវជនកម្ពុជា ២១រូប រួមទាំងលោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News ផងដែរកំពុងតែបំពេញទស្សនកិច្ចសិក្សាស្វែងយល់លើវិស័យកសិកម្ម ក៏ដូចជាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ជាពិសេសការរស់នៅរបស់ប្រជាពលរដ្ឋ ជប៉ុនចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។ នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រុមយុវជនកម្ពុជា ត្រូវបាននាំទៅមើលពីការធ្វើស្រែ របស់ប្រជាកសិករជប៉ុន នៅក្នុងខេត្តហ៊្វូគូស៊ីម៉ា ជាខេត្តមួយមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម និងជាខេត្តដែល បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយគ្រោះរញ្ជួយដី និងស៊ូណាមិ កាលពីឆ្នាំ២០១១កន្លងទៅ។
ក្រុមយុវជននឹងត្រូវដាក់ឲ្យស្នាក់នៅ ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋជប៉ុន រយៈពេលពីរយប់៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ដែលក្នុងរយៈពេលនេះក្រុមយុវជននឹងមានឱកាសស្វែងយល់ពីការរស់នៅ និងការប្រកបរបរកសិកម្មរបស់ប្រជាពលរដ្ឋជប៉ុនផងដែរ៕