(កណ្តាល)៖ ក្រុមហ៊ុន Liquinex មកពីប្រទេសសិង្ហបុរី បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសហការជាមួយរដ្ឋបាលខេត្តកណ្តាល លើការអភិវឌ្ឍន៍ដំណោះស្រាយទឹកស្អាត និងបានប្តេជ្ញាចិត្តក្នុងការផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ទំនើប ស្របតាមស្តង់ដារពិភពលោក ដើម្បីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព ព្រមទាំងបានធ្វើបទបង្ហាញពីការអនុវត្តការងាររបស់ក្រុមហ៊ុន និងពិសោធន៍ទឹកដោយប្រើឧបករណ៍ផ្ទាល់របស់ក្រុមហ៊ុនផងដែរ ដើម្បីផ្ដល់នូវទឹកស្អាតប្រកបដោយស្តង់ដារ ជូនដល់ពលរដ្ឋប្រើប្រាស់។
ជំនួបជាមួយប្រធានក្រុមហ៊ុន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា កម្ពុជាមានប្រភពទឹកយ៉ាងច្រើន ហើយទឹកគឺជារឿងសំខាន់ណាស់ និងជាអាទិភាពទី៣ ក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាលនីតិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ពោរពេញដោយថាមពល និងចក្ខុវិស័យដ៏ត្រឹមត្រូវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានការប្ដេជ្ញាចិត្តទាក់ទងជាមួយការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនេះ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់កម្ពុជាទឹកមាន៣ប្រភេទ រួមមាន៖
*ទី១៖ ទឹកសម្រាប់ស្រោចស្រប
*ទី២៖ ទឹកស្អាតសម្រាប់ប្រើប្រាស់
*ទី៣៖ ទឹកជំនន់។
លោកអភិបាលខេត្ត បានឱ្យដឹងថា សម្រាប់ខេត្តកណ្ដាលបច្ចុប្បន្នមានប្រជាជនជាង ៣,៥ លាននាក់ មាន១,០១០ភូមិ ក្នុងនោះនៅសល់តែ៥០ភូមិប៉ុណ្ណោះដែលខ្វះទឹកប្រើប្រាស់ បញ្ហានេះ រដ្ឋបាលខេត្ត នឹងខិតខំធ្វើយ៉ាងណានៅចុងឆ្នាំ២០២៥ គ្រប់ភូមិក្នុងខេត្តកណ្ដាលនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ទាំងអស់។
លោកអភិបាលខេត្ត បានស្នើក្រុមហ៊ុន Liquinex សូមចុះធ្វើទស្សនកិច្ចផ្ទាល់នៅតាមបណ្ដាសេវាការផ្តត់ផ្តងទឹកស្អាតក្នុងខេត្តកណ្តាល ដើម្បីជួយគាំទ្រ ជួយកែលម្អបន្ថែម និងផ្តល់ជាធាតុចូលក្នុងការពង្រឹងគុណភាពទឹកស្អាតក្នុងខេត្ត ពីព្រោះគុណភាពទឹកគីជាការសំខាន់ណាស់ ដើម្បីពន្លឿនបញ្ហាទឹកស្អាតនេះ គឺត្រូវការចូលរួមពីវិស័យឯកជន ហើយពេលខាងមុខនេះ បន្ទាប់ពីខេត្តកណ្តាលមានបណ្តាញទឹកគ្របដណ្តប់ទូទាំងខេត្ត ខេត្តនឹងបន្តពង្រឹងលើគុណភាពទឹកបន្ថែមទៀតស្របទៅតាមស្តង់ដារ។
នាឱកាសនោះ លោក Bashir Ahmed នាយកប្រតិបត្តិ ក្រុមហ៊ុន Liquinex បានថ្លែងថា ក្រុមហ៊ុនលោក គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធនធានទឹកក្នុងប្រទេស Singapore ដោយប្រើប្រាស់បច្ចេកវិទ្យាភ្នាសសេរ៉ាមិចកម្រិតខ្ពស់សម្រាប់ ដំណោះស្រាយទឹកប្រកបដោយនិរន្តរភាព មានប្រព័ន្ធគ្រប់គ្រងគុណភាពទឹក ប្រព័ន្ធសំលាប់មេរោគ UV ប្រព័ន្ធបំបាត់ក្លិន សូម្បីតែទឹកចេញពីបន្ទប់ទឹកក៏អាចកែច្នៃយកមកប្រើប្រាស់ឡើងវិញបានផងដែរ៕