(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារជូន លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ដោយបង្ហាញនូវសេចក្តីក្រៀមក្រំក្រៃលែង ចំពោះករណីស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិ ដែលបង្កដោយភ្លៀង ទឹកជំនន់ និងការបាក់ដីដ៏ធ្ងន់ធ្ងរ បណ្តាលមកពីខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី នៅភាគខាងជើង និងឦសាននៃប្រទេសថៃ។
តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូចតទៅ៖
«លោកជំទាវជាទីគោរពរាប់អាន!
ខ្ញុំ មានសេចក្តីក្រៀមក្រំក្រៃលែង ដោយបានទទួលដំណឹងអំពីការបំផ្លិចបំផ្លាញយ៉ាងច្រើន រួមទាំង ការបាត់បង់អាយុជីវិតមនុស្សជាច្រើននាក់ ការរងរបួសមនុស្សជាច្រើននាក់ ការខូចខាតឬការបំផ្លិច បំផ្លាញនូវទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ បង្កដោយភ្លៀង ទឹកជំនន់ និងការបាក់ដីដ៏ធ្ងន់ធ្ងរ បណ្តាលមកពីខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី នៅភាគខាងជើង និងឦសាននៃប្រទេសថៃ។
ក្នុងវេលាដ៏លំបាកនេះ តាងនាមប្រជាជនកម្ពុជាទាំងមូល ខ្ញុំសូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំ ជាមួយ លោកជំទាវ និងតាមរយៈ លោកជំទាវ ជូនចំពោះគ្រួសារជនរងគ្រោះ រាជរដ្ឋាភិបាល និងប្រជា ជនថៃទាំងមូល ចំពោះការបាត់បង់ដ៏ធំធេងទាំងនេះ។ សូមវិញ្ញាណក្ខន្ធអ្នកស្លាប់បានទៅដល់ សុខគតិភព។ សូមជូនពរអ្នករងរបួសឆាប់បានជាសះស្បើយ។ ក្រោមការដឹកនាំរបស់ លោកជំទាវ ខ្ញុំមានសុទិដ្ឋិនិយមថា ប្រទេសថៃនឹងត្រូវបានស្ដារឡើងវិញពីគ្រោះមហន្តរាយធម្មជាតិនេះ ក្នុងពេលដ៏ ខ្លីខាងមុខនេះ។
សូម លោកជំទាវ ទទួលសាជាថ្មីនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕