(ជប៉ុន)៖ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនឲ្យជឿជាក់លើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងផ្សព្វផ្សាយអំពីសមិទ្ធផលថ្មីរបស់កម្ពុជា។
ការលើកឡើងរបស់ ឯកអគ្គរាជទូតកម្ពុជានៅជប៉ុន ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌដែលរៀបចំដោយសហគមន៍ខ្មែរ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តហ្គីហ្វឺ ប្រទេសជប៉ុន ក្នុងព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ បងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅខេត្តហ្គីហ្វឺ និងតំបន់ផ្សេងៗនៅក្នុងប្រទេសជប៉ុនប្រមាណជា ១០០០នាក់។
ឯកអគ្គរាជទូតកម្ពុជានៅជប៉ុន បានអំពាវនាវឱ្យបងប្អូនខ្មែរនៅជប៉ុនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមរយៈការពន្យល់ជាច្រើនដង និងយ៉ាងក្បោះក្បាយដោយ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនោះ លោកឯកអគ្គរាជទូតក៏បានលើកឡើងថា ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្រេចឱ្យក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើម ពីថ្ងៃទី៧ កញ្ញាមក។
ជាពិសេស លោក ទុយ រី ក៏បានលើកឡើងពីសមិទ្ធផលលេចធ្លោរជាច្រើន ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល ១ឆ្នាំកន្លងមក រួមទាំង(១)ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលនឹងក្លាយជាមរតកដ៏មហាសាលជាប្រវត្តិសាស្ត្រក្រោយព្រែកជីកនេះត្រូវបានសាងសង់រួច បានទទួលការចូលរួមអបអរសាទរយ៉ាងកងរំពង គគ្រឹកគគ្រេងពីសំណាក់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និង(២) ការចូលរួមរបស់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេសដ៏ច្រើនលើសលុប រូមទាំងបងប្អូនខ្មែរនៅជប៉ុន ក្នុងការបរិច្ចាគដោយស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលបានប្រកាសដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានអាចចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី។
ឆ្លៀតក្នុងឱកាសនោះ លោកឯកអគ្គរាជទូតបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនខ្មែរនៅក្នុងប្រទេសជប៉ុនពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕