(ឧត្តរមានជ័យ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចាប់ខ្លួននៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពច្របាច់កស្ត្រីម្នាក់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បណ្តលឲ្យស្លាប់ ហើយយកទ្រព្យសម្បត្តិជនរងគ្រោះរត់គេចខ្លួន។
លោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ។
លោកបន្ដថា ក្រោយទទួលបញ្ជានៅវេលាម៉ោង៩៖៣០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានសហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការឃាត់ជនសង្ស័យម្នាក់ឈ្មោះ សេង ឃាត អាយុ៤៦ឆ្នាំ មានទីលំនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។
ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យរូបនេះដល់ខេត្តកំពង់ធំ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅសេរី ឆ្នាំ២០២២ និងទូរស័ព្ទម៉ាក Oppo ១គ្រឿង ដែលជារបស់ស្ត្រីជនរងគ្រោះ។ ក្រោយពីជំនាញអាវុធហត្ថខេត្តកំពង់ធំ បានធ្វើកំណត់ហេតុប្រគល់ ទទួលជនសង្ស័យខាងលើនេះ ត្រូវបាននាំខ្លួនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យវិញ ដើម្បីចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា មុនពេលកើតហេតុរូបគេបានស្ទាក់ឃាត់ស្ត្រីរងគ្រោះ ដែលកំពុងជិះម៉ូតូដើរលក់បន្លែ ដោយមានបំណងសុំខ្ចីប្រាក់ចំនួន២០មុឺនរៀលដើម្បីឡើងភ្នំ ដោយសន្យាថា ពេលចុះពីភ្នំវិញនឹងសងវិញហើយ។ ស្របពេលដែលកំពុងនិយាយសុំខ្ចីលុយ ជនសង្ស័យហាក់មានសកម្មភាពខុសប្រក្រតីជាមនុស្សធ្លាប់ស្គាល់គ្នា ធ្វើឲ្យជនរងគ្រោះស្រែកឲ្យគេជួយ ភ្លាមនោះជនសង្ស័យក៏ស្ទុះទៅច្រាច់កជនរងគ្រោះតែម្តង រហូតស្លាប់បាត់បង់ជីវិត រួចអូសសាកសពដាក់ជិតមាត់ទឹកអូរ ហើយយកទ្រព្យសម្បត្តិជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះដែលត្រូវជនសង្ស័យច្របាច់កស្លាប់ ហើយប្លន់យកទ្រព្យសម្បត្តិឈ្មោះ អូន អាន អាយុ២៧ឆ្នាំ មុខរបរដើរលក់បន្លែតាមភូមិ មានប្តីឈ្មោះ អឿន បូរ៉ាម អាយុ៣០ឆ្នាំ មុខរបរដើរលកលបន្លែតាមភូមិដូចគ្នា រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕