(ភ្នំពេញ)៖ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា បានយាង និងអញ្ជើញជាអធិបតីពិធីបិទវគ្គ និងចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមចូលរួមសិក្ខាសាលាអន្តរជាតិ ក្រោមប្រធានបទ «ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំ» នាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសនេះ លោកបណ្ឌិត ចាយ បូរិន បានថ្លែងថា ប្រធានបទ «ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំ» ពិតជាប្រធានបទដ៏មានសារៈសំខាន់ ដោយសារការដឹកនាំប្រកបដោយប្រសិទ្ធភាព នាពេលបច្ចុប្បន្នទាមទារ ឱ្យមានការយល់ដឹងអំពីវប្បធម៌ និងភាពរសើបនៃវប្បធម៌ផ្សេងៗ ការយល់ដឹងអំពីវប្បធម៌ចម្រុះ គឺការយល់ដឹងអំពីគុណតម្លៃទស្សនៈ ផ្នត់គំនិត និងអាកប្បកិរិយាខុសគ្នា អ្វីដែលអាចទទួលយកបាននៅក្នុងវប្បធម៌មួយអាចជាការប្រមាថ នៅក្នុងវប្បធម៌មួយផ្សេងទៀត។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូបែប ដែលគុណតម្លៃនៃវប្បធម៌ខ្មែរផ្អែកលើមូលដ្ឋានព្រះពុទ្ធសាសនា ជាពិសេសវប្បធម៌កតញ្ញូ មេត្តា ករុណា អហិង្សា និងស្មារតីបម្រើមនុស្សជាតិ ជាគោលការណ៍ដ៏សំខាន់ សម្រាប់រស់នៅក្នុងសង្គមជាមួយគ្នាឱ្យបានល្អប្រសើរ ទាំងក្នុងសង្គមគ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល ដូចនេះ សុខដុមនីយកម្មសាសនាពិតជាមានសារៈសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ជារៀងរហូតមក។
នាឱកាសនេះ លោកបណ្ឌិត ចាយ បូរិន សូមអបអរសាទរយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ដុងហ្គុកវាយស៍ (Dongguk Wise University) នៃសាធារណរដ្ឋកូរ៉េ ដែលសុទ្ធតែបានបញ្ជាក់អំពីការទទួលស្គាល់ប្រកបដោយកតញ្ញុតាធម៌ ដ៏ជ្រាលជ្រៅចំពោះការធ្វើវិភាគទានរបស់សម្ដេចតេជោ សម្រាប់សន្តិភាព ក្នុងតំបន់ និងពិភពលោក។
លោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានជម្រាបជូនសមេ្តចព្រះអភិសិរី និងលោករដ្ឋមន្រ្តីថា សិក្ខាសាលាអន្តរជាតិនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ និង១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានសាស្ត្រាចារ្យមកពីប្រទេសអាហ្រ្វិកខាងត្បូង សាស្ត្រាចារ្យមកពីប្រទេសអង់គ្លេស សាស្ត្រាចារ្យមកពីប្រទេសអូស្ត្រាលី សាស្ត្រាប្រទេសស្រីលង្កា និងសាស្ត្រាចារ្យកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងក្រសួងធម្មការ និងសាសនា ក្រសួងអប់រំ ក្រសួងមហាផ្ទៃ ខណៈសិក្ខាកាមចូលរួមមានចំនួន ១៦០អង្គ/នាក់ និងមានព្រះសង្ឃ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ចូលរួមជាង ៣២៥អង្គ/នាក់។
ទទឹមជាមួយគ្នានេះ លោក ឃីម ដារ័ត្ន ប្រធានទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូចច្នេះថា៖ «ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បើគិតមកដល់ពេលនេះ គឺមានអាយុកាលជាង ២០ឆ្នាំហើយ សិក្ខាសាលាអន្តរជាតិថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្តតែម្តង នៅពុទ្ធិកសាកលវិទ្យាល័យ ដោយសារកន្លងមកពុំដែលធ្លាប់មានទេហើយជាពិសេស គឺជាសិក្ខាសាលាអន្តរជាតិ ដែលមានមិនត្រឹមតែវាគ្មិនអន្តរជាតិ ហើយក៏មានសិក្ខាកាមចូលរួមសិក្ខាសាលាអន្តរជាតិមកចូលរួមផងដែរ។ អ៊ឹចឹងចំណាប់អារម្មណ៍មួយដែលយើងអាចឆ្លុះបញ្ចាំងឱ្យឃើញថាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កំពុងតែបោះជំហ៊ានទៅលើឆាកអន្តរជាតិ ដើម្បីឱ្យកេរ្តិ៍ឈ្មោះមានកាផ្សព្វផ្សាយ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិកាន់តែខ្លាំង»។
លោកបានបន្តថា ជាកាពិតណាស់ការចូលរួមសិក្ខាកាមចូលរួមសិក្ខាសាលាអន្តរជាតិនេះសង្កេតមើលទៅឃើញថា និស្សិត គឺមានក្តីរំភើប និងចូលរួមហើយឃើញថាគាត់ចាប់ផ្តើមដុះ និងលេចឡើងនូវគំនិតក្នុងការខិតខំប្រឹងប្រែងសិក្សា ជាពិសេស មិនត្រឹមតែបរិបទប្រទេសកម្ពុជាទេក៏ជាបរិបទរបស់នៅក្នុងប្រទេសផ្សេៗទៀត តាមរយៈមេរៀនដែលវាគ្មិនកិត្តិយស បានរៀបចំហើយអ្វីដែលពិសេសជានេះទៅទៀតនោះ គឺដំបូលឡើងមានសិស្ស និស្សិត ធ្វើការចុះឈ្មោះត្រឹមតែ១៦០នាក់ទេ ប៉ុន្តែ បន្ទាប់ពីមើលឃើញពីកាផ្សព្វផ្សាយនៃសិក្ខាសាលាអន្តរជាតិនេះ គឺមាននិស្សិតបន្តស្នើសុំចុះឈ្មោះជាង ៣០០នាក់ហើយយើងឃើញនៃការទទួលវិញ្ញាបនបត្រនៃកាបញ្ចប់នៃកាសិក្សានៃសិក្ខាសាលាថ្ងៃនេះ គឺបានមើលឃើញថាពួគគាត់ឡើង ទទួលវិញ្ញាបនបត្រដោយស្នាមញញឹមក្តីសង្ឃឹម និងភាពជឿជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានឹងរៀបចំនៅសិក្ខាសាលាអន្តរជាតិនេះ នៅថ្ងៃអនាគតជាបន្តបន្ទាប់ទៀត៕