(ព្យុងយ៉ាង)៖ លោក គីម ជុងអ៊ុន កើតថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៨៤ បច្ចុប្បន្នជាប្រធានគណបក្សពលករ និងជាមេដឹកនំាកំពូល នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលបាន កាន់ដំណែងនេះ តជំនាន់ពីលោក គីម ជុងអ៊ីល (ឪពុក) និង លោក គីម អ៊ីលស៊ុង (ជីតា)។ ក្រោមរបបដឹកនំារបស់លោក គីម ជុងអ៊ុន កូរ៉េខាងជើងត្រូវមនុស្សភាគច្រើនស្គាល់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច ដែលតែងតែចុះផ្សាយពី ការរំលោភសិទ្ធិមនុស្ស និង ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែ រួមទំាង មីស៊ីលបាលិស្ទីគ ដោយគ្មានញញើតកោតក្រែង នឹងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។
១៖ កុមារភាព និងការសិក្សា៖ លោក គីម ជុងអ៊ុន ជាកូនប្រុសទី៤ របស់ លោក គីម ជុងអ៊ីល និង លោកស្រី កូ យ៉ុងហ៊ី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់កំណើត នៅទីក្រុង គីម ជុងអ៊ីល នៃខេត្តសំាជីយ៉ុន ស្ថិតនៅក្បែរជើងភ្នំប៉េគូ ដែលជាតំបន់ប្រវត្តិសាស្ត្រមួយ ត្រូវបានប្រជាជនកូរ៉េខាងជើង ចាត់ទុកជាទីតំាងដ៏ពិសិដ្ឋ។
ចំណែកឯប្រភពមួយចំនួនអះអាងថា លោក គីម ជុងអ៊ុន បានកើតនៅក្នុងទីក្រុងចាងសុង នៃខេត្ត ព្យុងហ្គាន់ខាងជើង ឬក៏នៅទីក្រុងវ៉ូសាន ក្នុងខេត្ត ក្វាងវ៉ុន។ ក៏ប៉ុន្តែអ្វីដែលគេដឹងច្បាស់គឺថា លោក គីម ជុងអ៊ុន បានចំណាយពេលក្នុងវ័យកុមារ រស់នៅក្នុងគេហដ្ឋានដ៏ស្កឹមស្កៃមួយនៅឯទីក្រុងព្យុងយ៉ាង។ លោក គីម បានចាប់ផ្ដើមរៀនសូត្រ នៅពេលមានអាយុ៣ឆ្នាំមកម្ល៉េះ។
ពីឆ្នំា១៩៩៦ ដល់ ឆ្នំា១៩៩៨ លោក បានបន្តការសិក្សានៅ សាលា International School of Berne ហើយ រាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នំា ២០០០ លោក គីម ជុងអ៊ុន បានចូលរៀននៅសាលារដ្ឋមួយក្នុងទីក្រុង Liebefeld ប្រទេសស្វីស ដោយប្រើឈ្មោះក្លែងក្លាយ ផាក អ៊ុន។ កាលនៅរៀន មុខវិជ្ជាដែលលោក រៀនពូកែជាងគេគឺគណិតវិទ្យានិងសិល្បៈ មិនតែប៉ុណ្ណោះ លោកក៏មានជំនាញពិសេសខាងកីឡាបាល់បោះ ផងដែរ ដោយលោកមានចំណាប់អារម្មណ៍យ៉ាងខ្លំាង លើលីគកំពូលបាល់បោះអាមេរិក NBA ហើយលោក Michael Jordan ជាកីឡាករបាល់បោះ ដែលលោកពេញចិត្តជាងគេ។
ក៏ប៉ុន្តែថ្វីត្បិតតែ បានទៅរៀនដល់ស្វីសក៏ពិតមែនលោក គីម ជុងអ៊ុន បានបញ្ឈប់ការសិក្សារបស់ខ្លួន ដោយមិនបានទទួលសញ្ញាប័ត្រនោះទេ។ មួយវិញទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូង កាលរៀននៅស្វីស កូនប្រុសសំណព្វរបស់លោក គីម ជុងអ៊ីល រូបនេះ មិនសូវចេញពីអាគារស្នាក់នៅ ស្ថិតនៅផ្លូវ Kirchstrasse ក្នុងទីក្រុង Liebefeld នោះឡើយ ដើម្បីការពារខ្លួនឯងកុំឱ្យទទួលយកឥទ្ធិពល ឬវប្បធម៌មូលធននិយម។
លោក គីម ជុងអ៊ុន បានត្រឡប់មកកាន់កូរ៉េខាងជើងវិញនៅឆ្នាំ២០០១ ហើយ នៅឆ្នាំ២០០២ ដល់ឆ្នំា ២០០៧ លោកទទួលបានការបណ្ដុះបណ្ដាល រយៈពេលបីឆ្នាំពីក្រុមមន្ត្រី នៅឯសាលាយោធា គីម ជុងអ៊ីល ក្នុងទីក្រុងព្យុងយ៉ាង ហើយនឹងបានបន្តសិក្សារយៈពេលពីរឆ្នំាលើកម្មវិធីស្រាវជ្រាវ នៅឯសាលាហ្វឹកហ្វឺន បាញ់កំាភ្លើងធំ។
ក្រោយមកទៀត លោកបានចូលរៀនថ្នាក់សាកលវិទ្យាល័យផ្នែកព័ត៌មានវិទ្យា ប៉ុន្តែការរៀនសូត្រ របស់លោក ត្រូវបានបង្រៀនពីគ្រូដាច់ដោយឡែកពីគេឯង ពោលគឺលោកមិនមានទំនាក់ទំនង ជាមួយនឹងសិស្សដ៏ទៃទៀតឡើយ។ តែយ៉ាងណា នៅអំឡុងពេលនោះ លោក គីម ជុងអ៊ុន នៅតែអាចទាក់ទងបានមិត្តស្រីម្នាក់ឈ្មោះថា Hyon Song-wol ដែលជាអ្នកចំរៀង ។
២៖ ជីវិតឯកជន៖ លោក គីម ជុងអ៊ុន គឺជាកូនប្រុសទី៤ របស់លោក គីម ជុងអ៊ីល និង លោកស្រី កូយ៉ុន ហ៊ី។ លោកមានបងប្អូនប្រុសស្រី៤នាក់ រាប់ទំាងបងប្អូនម្ដាយផ្សេងគ្នា ក្នុងនោះមាន លោក គីម ជុងណំា (កើតនៅឆ្នំា១៩៧១), លោកស្រី គីម ស៊ូលសុង (កើតនៅឆ្នាំ១៩៧៤), លោក គីម ជុងឆុល (កើតឆ្នំា ១៩៨១), និង លោកស្រី គីម យូជុង (កើតនៅឆ្នាំ១៩៨៧)។
លោក គីម ជុងអ៊ុន បានរៀបការជាមួយនឹង លោកស្រី រី សូលជូ នៅឆ្នំា២០១០។ ប៉ុន្តែរហូតដល់ឆ្នំា ២០១២ ទើបអាពាហ៍ពិពាហ៍ រវាងលោកនិងលោកស្រី រី សូលជូ ត្រូវបានគេប្រកាសឱ្យដឹង នៅក្រោយពេលដែលអ្នកទំាងពីរ មានវត្តមានរួមគ្នាជាសាធារណៈជាច្រើនដងរួចមក។ លោកស្រី រី សូលជូ ជាអ្នកស្រុកមកពីទីក្រុង ឈុងជីន កើតនៅឆ្នំា១៩៨១ និងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ នៅឯសាកលវិទ្យាល័យ គីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង។ ចំណែកឯឪពុកក្មេករបស់លោក គីម ជុងអ៊ុន ជាសាស្រ្តាចារ្យមា្នក់ និងមានម្ដាយក្មេកជាពេទ្យឆ្មប។
៣៖ ការឡើងកាន់អំណាច៖ នៅកូរ៉ខាងជើង បញ្ហាស្នងដំណែងត្រូវបានគេលើកឡើង តំាងតែឆ្នំា២០០៤ នៅពេលដែល លោក គីម ជុងអ៊ុន និងបងប្រុសឈ្មោះ គីម ជុងឆុល បានអមដំណើរជាមួយនឹងលោក គីម ជុងអ៊ីល ទៅធ្វើអធិការកិច្ចនៅតាមមូលដ្ឋានយោធា។ នៅឆ្នាំ២០០៦ គឺនៅពេលដែលស្លាករូបភាព របស់លោក គីម ជុងអ៊ុន ត្រូវបានគេចែកជូនក្រុមមន្ត្រី និង មេដឹកនំាយោធាជាន់ខ្ពស់ ទើបគេកាន់តែប្រាកដនៅក្នុងចិត្តថា លោកនឹងត្រូវគេជ្រើសរើសឱ្យកាន់ដំណែងបន្តពីឪពុក។
ជាក់ស្តែងរហូតដល់ឆ្នំា២០០៩ ទើបលោក គីម ជុងអ៊ីល បានប្រាប់មន្ត្រីយោធា និងអ្នកមុខអ្នកការ កូរ៉េខាងជើងថា លោកបានជ្រើសរើសលោក គីម ជុងអ៊ុន ឱ្យបន្តដំណែងពីលោក ហើយចាប់ពីពេលនោះមកដែរ លោកគីម ជុងអ៊ុន តែងតែអមដំណើរឪពុករបស់លោកជានិច្ច តួយ៉ាងដូចជា ការធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០១០។
សូមជំរាបថា លោក គីម ជុងអ៊ុន បានក្លាយមេដឹនំាកំពូលកូរ៉េខាងជើង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ នៅបន្ទាប់ពីការប្រកាសពីមរណៈភាពរបស់ លោក គីម ជុងអ៊ីល នៅ ថ្ងៃទី១៩ ខែធ្នូ ឆ្នំាដដែល។ ដោយសារតែនៅកាលណោះ លោក គីម ជុងអ៊ុន មានវ័យត្រឹមតែ ២៧ ឆ្នាំក្រុមអ្នកវិភាគមួយចំនួនយល់ថា ម្ដាយមីង លោកស្រី គីម ឃ្យុនហ៊ី និងឪពុកមារ របស់ខ្លួនគឺលោក ចាង សុងតេក ដែលជាមនុស្សលោកទុកចិត្តបំផុតនោះ នឹងក្លាយជាអ្នកមានឥទ្ធិពល និង គ្រប់គ្រងកិច្ចការដឹកនំា ប្រទេសពីក្រោយរូបលោក។
ប៉ុន្តែអី្វៗគឺផ្ទុយស្រឡះពីការគិតបែបនេះ នៅពេលលោក គីម ជុងអ៊ុន បានបញ្ជាឱ្យគេប្រហារជីវិត លោក គីម សុងតេក នៅឆ្នំា២០១៣ ពីទោសបទក្បត់ជាតិ ដែលនេះជាការបោសសំអាតផ្ទៃក្នុងដ៏សំខាន់ គិតចាប់តំាងពីលោក គីម ជុងអ៊ីល ទទួលមរណៈភាព។ លើសពីនេះទៅទៀត នៅឆ្នំា ២០១៦នេះ លោកគីម ជុងអ៊ុន បានរៀបចំសមាជបក្សពលករជាលើកដំបូងក្នុងរយៈពេលជាង៤០ឆ្នំា ចុងក្រោយនេះ ដើម្បីពង្រឹងអំណាចមិនអាចផ្លាស់ប្ដូររបស់ខ្លួន នៅកូរ៉េខាងជើង៕