(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការឣាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាឣធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ឆ្នាំ២០២៥ និងការងារប្រឡងប្រណាំង កងរាជអាវុធហត្ថ។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់មេបញ្ជាការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យបុគ្គលិក នាយការិយាល័យគោលនយោបាយ នាយការិយាល័យអប់រំផ្សព្វផ្សាយ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង/ស្រុកទាំង៩ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំតូច ជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសើរនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលកន្លងមកបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងល្អប្រសើរ ប្រកបដោយឆន្ទៈ ដើម្បីជាតិមាតុភូមិ។ ឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែង ក៏ទទួលបាននូវការលើកទឹកចិត្តតាមរយៈការផ្តល់គ្រឿងឥស្សរិយយស ការដំឡើងឋានន្តរស័ក្តិជាដើម។
នៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី បានជំរុញគណៈកម្មការវាយតម្លៃ សូមធ្វើការវាយតម្លៃឱ្យសុក្រឹតចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបំពេញការងារបានល្អ ដើម្បីធ្វើការស្នើសុំគ្រឿងឥស្សរិយយស ជាការឆ្លើយតប និងលើកទឹកចិត្តចំពោះការខិតខំបំពេញការងារបានយ៉ាងល្អប្រសើរនាពេលកន្លងមក៕