(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួង ជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយ គណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីពិនិត្យ «សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់» ក្រោមកិច្ចដឹកនាំ លោកស្រី និន សាផុន ជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ឬគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការជំនាញនៃរដ្ឋសភា។
នាឱកាសនោះ លោក ប៉េង ពោធិ៍នា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលលបានអនុញ្ញាតឱ្យដាក់បញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ក្នុងរបៀបវារៈកិច្ចប្រជុំរបស់គណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា និងយល់ព្រម មុននឹងបញ្ជូនទៅកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខ។
លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីសាវតារ គោលបំណង និងអត្ថប្រយោជន៍នៃ សេចក្តីព្រាងច្បាប់នេះ ព្រមទាំងពន្យល់បំភ្លឺបន្ថែមលើខ្លឹមសារត្រង់ចំណុចមួយចំនួន ឱ្យបានជ្រាបកាន់តែច្បាស់។ ជាលទ្ធផល ឆ្លងកាត់ការពិភាក្សាគ្នាយ៉ាងផុលផុសនាព្រឹកនេះ បានបង្កលក្ខណៈឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបានដែលនឹងផ្តល់ផលប្រយោជន៍ជាអតិបរមាជូនប្រជាជន និងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា «សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់» ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវបានអនុម័តជាផ្លូវការក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕