(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យលោក បួរកែវ ភូមិវង្សកែវ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា អញ្ជើញចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ លោកឯកអគ្គរដ្ឋទូត ព្រមទាំងសហការី ដែលបានចំណាយពេលដ៏មានតម្លៃចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ លោកបានថ្លែងអំណរគុណចំពោះលោកដែលតែងតែយកចិត្តទុកដាក់ និងសម្របសម្រួលកិច្ចការងារ ឲ្យកាន់តែមានប្រសិទ្ធភាព និងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហការប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ដ្រី ស សុខា សូមសម្ដែងនូវការអបអរសាទរ​ចំពោះ​រដ្ឋាភិបាល​​ឡាវ ​ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ ​កាលពីថ្ងៃទី​២៧-២៩ ខែសីហា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ កន្លងទៅនេះ​ និងសូមជូនពរឲ្យការរៀចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុង​ឆ្នាំ២០២៤នេះ ​​ទទួលបានជោគជ័យតាមការរំពឹងទុក។

ជាការឆ្លើយតប លោក បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ លោកអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឲ្យលោកចូលជួបសម្ដែងការគួរសម។ លោកក៏បានសម្ដែងនូវការអបអរសាទរ ចំពោះកិច្ចសហប្រតិបត្ដិការល្អរវាងប្រទេសទាំងពីរ និងជឿជាក់ថា ក្រោមការដឹកនាំរបស់លោកអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញគាំទ្រដល់អាជ្ញាធរពាក់ព័ន្ធដែលនៅតាមបណ្ដាព្រំដែនជួបប្រជុំគ្នាជាប្រចាំ ដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសទាំងពីរ។

ទន្ទឹមនេះលោក បួរកែវ ភូមិវង្សសៃ សង្ឃឹមថា លោកអភិសន្ដិបណ្ឌិត នឹងបន្ដកិច្ចសហប្រតិបត្ដិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន តាមបណ្ដាខេត្ដជាប់ព្រំដែន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាព្រំដែននៃប្រទេសទាំងពីរ។

លោកអភិសន្តិបណ្ឌិត ស សុខា ជាថ្មីម្ដងទៀតបានជូនពរលោក បួរកែវ ភូមិវង្សកែវ ឯកអគ្គរដ្ឋទូត និងសហការី មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសសូមជូនពរ សាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ ក្នុងឱកាសទទួលធ្វើជាប្រធានប្ដូរវេន ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ នាឆ្នាំ២០២៤ ខាងមុខនេះ សូមប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ៕