(កំពង់ឆ្នាំង)៖ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ យុវជន ស.ស.យ.ក ស្រុក និងសហគមន៍ដាំកូនក្ងោក នៅអមផ្លូវ៥០c ចាប់ពីឃុំកំពង់ហៅ និងដាំអមផ្លូវចូលទៅកាន់រមណីយដ្ឋានទឹកជ្រោះអូដាសិលាទូកមាស ស្ថិតក្នុងឃុំដារ ចំនួន ២,០២០ដើម។

លោក យ៉ែម លក្ខិណា បានឱ្យដឹងថា ការដើមក្ងោក នៅអមសងខាងផ្លូវ៥០c សេខាងលើនេះ លោកក៏នឹងមានគម្រោងចលនាប្រជាពលរដ្ឋឱ្យដាំកូនក្ងោកនៅតាមផ្ទះរបស់ប្រជាពលរដ្ឋដែលមានផ្ទះនៅអមសងខាងផ្លូវ៥០c ដោយចាប់ ពីឃុំកំពង់ហាវទៅដល់ព្រំប្រទល់ខេត្តកំពង់ធំផងដែរ។

លោកបញ្ជាក់ថា កូនក្ងោកប្រភេទនេះមានអត្ថប្រយោជន៍ជាច្រើន រួមមាន៖

*ទី១៖ មានផ្កាស្រស់ស្អាតបង្កើតបាននូវសោភ័ណភាពដ៏ស្រស់ត្រកាលនៅតាមដងផ្លូវ និងតាមលំនៅដ្ឋាន
*ទី២៖ ជាម្លប់សម្រាប់អ្នកធ្វើដំណើរតាមដងផ្លូវព្រោះដើមក្ងោកប្រភេទនេះនៅពេលវាលូតលាស់ គឺបែកមែកសាខាដែលធ្វើឱ្យមានម្លប់ត្រឈឹងត្រ ឈៃជាម្លប់ដ៏ត្រជាក់សម្រាប់អ្នកធ្វើដំណើរ
*ទី៣៖ ជារបាំងសម្រាប់ជួយទប់ខ្យល់ព្យុះផ្សេងៗបានមួយចំណែកដែរ។

លោកអភិបាលស្រុក បានបញ្ជាក់ថា នៅដើមរដូវវស្សាលោកក៏បានបំផុសចលនាប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការដាំកូនឈើព្រៃ លិចទឹកនៅតាមបណ្ដាភូមិសាស្ត្រព្រៃលិចទឹកក្នុងតំបន់៣ ដែលរងនូវការបំផ្លិចបំផ្លាញពីសំណាក់ ជនខិលខូចកន្លងមកបានជាច្រើនទីតាំងនៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង បើគិតជាកូនឈើ គឺមានចំនួនរហូតទៅដល់រាប់ម៉ឺនដើម។ ចំពោះការដាំកូនឈើព្រៃលិចទឹកលោកក៏នៅតែបន្តធ្វើជារៀងរហូតនៅរៀងរាល់ដើមររដូវវស្សាជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះ លោកសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋមេត្តាជួយរួមគ្នាជួយថែរក្សាទាំងព្រៃឈើលិចទឹកដែលយើងបានដាំរួចមកហើយ ជាពិសេសគឺព្រៃលិចទឹកធំៗដែលនៅសេសសល់សូមរួមគ្នាបន្តជួយថែរក្សាកុំឱ្យបាត់បង់ និងសុំកុំកាប់ព្រៃលិចទឹកជាបន្តទៀត។ ព្រោះព្រៃលិចទឹកបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ណាស់សម្រាប់ទ្រទ្រង់ជី វិតមនុស្សនិងសត្វដែលមិនអាចខ្វះបាន។

ដោយឡែកកូនឈើក្ងោកដែលក្រុមការងារ និងអាជ្ញាធរស្រុក រួមទាំងបងប្អូនប្រជាពលរដ្ឋបានដាំខណៈពេលហ្នឹងនៅពេលខាងមុខទាំងនៅតាមទីសាធារណៈ ក៏ដូចជានៅតាមផ្ទះរបស់បងប្អូននីមួយៗ សូមមេត្តាជួយថែរទាំដាក់គេស្រោចទឹក ដើម្បីឱ្យដុះលូតលាស់ល្អបង្កើតបានជាសោភ័ណភាពដ៏ស្រស់ត្រកាលនៅតាមលំនៅដ្ឋានរបស់បងប្អូនផង និងមានសោភ័ណភាពល្អនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់យើងផងដែរ៕