(បាត់ដំបង)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង និងសំណេះសំណាលជាមួយ មន្ត្រីរាជការ នៃមន្ទីរ ស.អ.យ មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក អុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្តកងកម្លាំងទាំងបី លោក លោកស្រី មន្ត្រីរាជការ នៃមន្ទីរ ស.អ.យ ទាំងអស់ចូលរួមផងដែរ។

លោក សុខ លូ បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត តែងតែបានសហការជួយការងារគ្រប់មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ដើម្បីអនុវត្តការងារលើគ្រប់វិស័ យឱ្យកាន់តែមានការរីកចម្រើន បន្ថែមទៀត ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកអភិបាលខេត្តរីករាយសប្បាយចិត្តបានលោករដ្ឋមន្រ្តី ជួយកិច្ចការជំនាញមួយចំនួនធំ ជាកិច្ចការងារសង្គមដល់ខេត្តផងដែរ។

នាឱកាសនោះ លោក ជា សុមេធី បានចូលរួមអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មី ជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង និងបានធ្វើពិធីប្រកាសចូលកាន់ មុខតំណែងជាផ្លូវការនាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គម ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។

រដ្ឋមន្ត្រីបានបញ្ជាក់ថា ការទទួលភារកិច្ចថ្មីនេះ គឺជាការជួយរែកពុននូវកិច្ចការសំខាន់ៗដែលក្រសួងសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងពុះពារសម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តបាត់ដំបង ដែលមានលោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្តនៅទីនេះស្រាប់ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តបាត់ដំបងទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ផ្តល់កិច្ចសហការ សម្របសម្រួល និងកិច្ចអន្តរាគមន៍នានាក្នុងការអនុវត្តកម្មវិធីការងារដែលបានដាក់ចេញប្រកបដោយការទទួលខុសត្រូវផង។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានអញ្ជើញសួរសុខទុក្ខ និងដើរមើលមណ្ឌលធ្វើជើងសិប្បនិម្មិត សម្រាប់ជនពិការ និងចែកអំណោយដល់ជនពិការក្រីក្រចំនួន ៥០នាក់ផងដែរ៕