(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្តល់អនុសាសន៍៦ចំណុច ដល់ក្រសួងសុខាភិបាល គ្រូពេទ្យ និង​បុគ្គលិកសុខាភិបាលទាំងនៅកម្ពុជា ដើម្បីបង្កើនគុណភាពសេវាសុខាភិបាលឱ្យកាន់តែល្អ​​ដល់អ្នកជំងឺ និង ប្រជាជន ​និងការធ្វើទំនើបកម្ម ​សម្រាប់ការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព​ នៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យ ខេត្តមួយចំនួនផ្សេងទៀត ព្រមទាំងមន្ទីរពេទ្យតំបន់ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបង្កើតឡើងក្នុងពេលខាងមុខនេះ ។

ការផ្តល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី ​អញ្ជើញបើកការដ្ឋានសាងសង់«អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនេះ សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា បន្ថែមពីលើវិធានការអនុវត្តជាគន្លឹះ និងសកម្មភាពដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពសកលនៅឆ្នាំ២០៣៥ ឱ្យមានប្រសិទ្ធភាពខ្ពស់ ខ្ញុំសូមផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១. ការធ្វើទំនើបកម្ម និង បរិវត្តកម្ម, ការផ្តល់សេវាថែទាំសុខភាព នៅមន្ទីរពេទ្យ កាល់ម៉ែត គឺជាការបោះជំហានទៅមុខនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា ដើម្បីឈានទៅដល់ កម្រិតមួយដែលការអនុវត្តក្នុងផ្នែកវេជ្ជសាស្ត្រមានភាពជាក់លាក់ អាចឆ្លើយតបទៅនឹង លក្ខខណ្ឌជំងឺរបស់បុគ្គលម្នាក់ៗ (Precision Medicine and Personalized Medicine)។ ដូច្នេះ​ក្រសួងសុខាភិបាល ត្រូវយកការធ្វើទំនើបកម្ម និង បរិវត្តកម្មនេះ ធ្វើជាឧត្តមានុវត្តន៍ សម្រាប់ការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព, នៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យ ខេត្តមួយចំនួនផ្សេងទៀត ព្រមទាំងមន្ទីរពេទ្យតំបន់ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបង្កើតឡើងក្នុងពេលខាងមុខនេះ ។

ទី២. សូមបង្កើនសកម្មភាពផ្ដល់ការអប់រំ, ការបង្ការ និង ការថែទាំសុខភាពដល់ប្រជាជន, គ្រួសារ និងសហគមន៍ សំដៅលើកកម្ពស់ការអនុវត្តរបៀបរស់នៅប្រកបដោយសុខភាព ក៏ដូចជា ការធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការស្វែងរក និងការប្រើប្រាស់សេវាថែទាំសុខភាព រាល់ពេលមានបញ្ហាសុខភាព នៅក្នុងមូលដ្ឋានសុខាភិបាលដែលនៅជិតលំនៅឋាន និង ពីអ្នកផ្តល់សេវាសុខាភិបាល ដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានសមត្ថភាពពិតប្រាកដ ។

ទី៣. គ្រូពេទ្យ, បុគ្គលិកបច្ចេកទេស និងបុគ្គលិកសុខាភិបាល, ទាំងក្នុងវិស័យសាធារណៈ និង ឯកជន, ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ ដែលអ្នកជំងឺ, គ្រួសារអ្នកជំងឺ, ប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម ត្រូវចំណាយខ្ពស់ ។ លើសពីនេះ ត្រូវកសាង និងរក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបទប្រកបដោយក្រមសីលធម៌វិជ្ជជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្ត អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ឱ្យចូលរួមក្នុងការសម្រេចចិត្តលើការព្យាបាល ព្រមទាំងការផ្តល់ចំណេះដឹង និង បទពិសោធអំពីការបង្ករបឋម, ការព្យាបាល, ការបង្ការ,ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និង ការថែទាំអ្នកជំងឺជាដើម ។

ទី៤. ពង្រឹងការអនុវត្តយន្តការតាមដាន និង កែលម្អគុណភាពសេវានៅមូលដ្ឋានសុខាភិបាលគ្រប់កម្រិត រួមទាំងការតាមដាននិន្នាការពេញចិត្តចំពោះសេវាអ្នកជំងឺ ឬ អតិថិជន, រៀបចំអនុវត្តសកម្មភាពកែលម្អគុណភាពជាប្រចាំ ដោយរាប់បញ្ចូលទាំងសកម្មភាពគ្រប់គ្រងគ្លីនិក និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនគុណភាពសេវាសុខាភិបាលល្អសម្រាប់ជាឧត្តមប្រយោជន៍ដល់អ្នកជំងឺ និង ប្រជាជន ។ ទន្ទឹមនេះ, ត្រូវលើកកម្ពស់ភាពឆ្លើយតបរហ័ស និងគណនេយ្យភាព ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ ដើម្បីរក្សាការជឿទុកចិត្តរបស់អ្នកជំងឺ​ អតិថិជន និងសាធារណជន តាមរយៈការការអនុវត្តយន្តការទទួលព័ត៌មានត្រឡប់ មតិយោបល់ពាក់ព័ន្ធសេវា។​

ទី៥. ក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជូន ប្រជាជនគោលដៅ ដូចជាសាធារណជននូវកម្មវិធីគាំពារសុខភាពសង្គមឱ្យជ្រួតជ្រាបអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ត្រឹមត្រូវនូវសេវាថែទាំសុខភាព នៅក្រោមកម្មវិធីគាំពារសុខភាពសង្គមរបស់រាជរដ្ឋាភិបាល និង អំពីនីតិវិធីសម្រាប់ការទទួលបាននូវអត្ថប្រយោជន៍ទាំងនោះ, និងត្រូវធានាថា អ្នកជំងឺគ្រប់រូប រួមទាំងប្រជាជនមានបណ្ណសមធម៌, បណ្ណសមាជិក បសស និង ក្រុមជនគោលដៅដទៃទៀត នៃកម្មវិធីគាំពារសុខភាពសង្គម អាចទទួលបានសេវាថែទាំ សុខភាព ដែលមានគុណភាព និងសុវត្ថិភាពតាមស្តង់ដាបច្ចេកទេស ដោយគ្មានភាពរើសអើង និង មិនគិតអំពីស្ថានភាពសង្គម-សេដ្ឋកិច្ច ពណ៌សម្បុរ សាសនា ឬ និន្នាការនយោបាយ ។

ទី៦. ជំរុញការអនុវត្តសកម្មភាពអន្តរ/ពហុវិស័យ ឬ ភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីបង្កើនបរិស្ថានគាំទ្រ សម្រាប់ផ្សារភ្ជាប់រវាងការថែទាំបឋមជាមួយសេវាជំនួយសង្គម​ ការជួយប្រជាជនងាយរងគ្រោះ ឱ្យទទួលបានសេវាសុខភាព និង សេវាសង្គមកាន់តែប្រសើរ​ ,ការប្រកាន់ ឥរិយាបថល្អដើម្បីសុខភាព​, ការលើកស្ទួយការលូតលាស់របស់កុមារក្នុងដំណាក់ ដំបូងនៃជីវិត, ការបង្កឱកាសទទួលបានការសិក្សា, ការបង្ការអំពើហិង្សាក្នុងគ្រួសារ និង ការ​ប្រើប្រាស់គ្រឿងញៀន, ការលើកកម្ពស់ចំណីអាហារសុខភាព និង កន្លែងធ្វើការមានសុវត្ថិភាព,ការបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ការពង្រីកសួនច្បារ ឬ ទីកន្លែងសាធារណៈបៃតង៕