(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា មានគ្រូពេទ្យច្រើនណាស់បានធ្វើការព្យាបាលជូនអ្នកជំងឺរាប់លាននាក់ បានធូរស្បើយជារៀងរាល់ឆ្នាំ ប៉ុន្តែក៏មាន​គ្រូពេទ្យមួយចំនួនតូចបានធ្វើឱ្យប៉ះពាល់​ដល់គ្រូពេទ្យទូទាំងប្រទេសដែរ ដូចនេះយើងត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងគុណភាពរបស់គ្រូពេទ្យដើម្បីបង្កើនការជឿជាក់របស់ប្រជាពលរដ្ឋ​មកលើវិស័យសុខាភិបាល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់​អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន៖ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។

នាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិតណាស់យើងមានពេទ្យស្តារ និងពេទ្យផ្សេងៗ ប៉ុន្តែទម្រាំបានសញ្ញាបត្រចាំបាច់ត្រូវតែមានការពិនិត្យឱ្យបានហ្មត់ចត់ ហើយការបណ្តុះបណ្តាល​ត្រូវតែធានាគុណភាព ព្រោះគុណភាពពេទ្យនេះមិនមែនត្រឹមតែធានានូវជីវិតមនុស្សនោះទេ ប៉ុន្តែជាកិត្តិយសនិងជាកេរ្តិ៍ឈ្មោះ​របស់វិស័យសុខាភិបាលទាំងមូលតែម្តង ហើយបើចង់ឱ្យវិស័យសុខាភិបាល​រីកចម្រើនបានទាល់តែប្រជាជនមានការជឿជាក់។

ស្របជាមួយគ្នានោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ពេទ្យយើងមិនថា ពេទ្យរដ្ឋ ពេទ្យឯកជន ទៅពេទ្យមួយណានៅក្នុងប្រទេសក៏ព្យាបាលអាចទុកចិត្តបាន ចឹងគឺអាស្រ័យទៅលើពេទ្យ​ហើយ, ក្នុងនោះក៏មានអ្នកលើកបញ្ហាច្រើនពីរឿងនេះ រឿងនោះ ខ្ញុំថាមិនមែនអត់បញ្ហាទេ ប៉ុន្តែសុំឱ្យមើលចំណុចវិជ្ជមានដែលពេទ្យយើងបានធ្វើច្រើនណាស់ មានប្រជាពលរដ្ឋរាប់លាននាក់ ក្នុងមួយឆ្នាំបានព្យាបាល ហើយបានធូរស្រាល»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទោះបីជាយ៉ាងណាយើងត្រូវពង្រឹងអភិក្រម ពង្រឹងគុណភាពពេទ្យឱ្យបានកាន់តែពូកែ ពេទ្យម្នាក់អាចតំណាងឱ្យពេទ្យរាប់ម៉ឺននាក់ក្នុងប្រទេស ព្រោះបើមាន​បញ្ហា​នៅកន្លែងគ្លីនិចណាមួយ គឺប៉ះពាល់ដល់ពេទ្យទាំងអស់ ដូចនេះយើងត្រូវធ្វើយ៉ាងណាបង្កើននូវសមត្ថភាព ការអនុវត្តន៍គុណភាពនៅក្នុងការព្យាបាលប្រជាពលរដ្ឋ ដែលនេះហើយជាការទទួលខុសត្រូវរបស់យើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការបណ្តុះបណ្តាលគ្រូពេទ្យនេះ គឺត្រូវធ្វើជាប្រចាំ ហើយត្រូវធានាគុណភាពជាជាងបរិមាណ ដើម្បីធានានូវការជឿទុកចិត្ត និងសំខាន់បំផុត​គឺធាន​នូវជីវិតនៃការ​រស់នៅ​របស់ប្រជាពលរដ្ឋ ហើយសុខភាពរបស់ប្រជាពលរដ្ឋជាកត្តាសំខាន់សម្រាប់ទ្រទ្រង់គ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចជាតិ, ទ្រព្យដែលធំផុតរបស់មនុស្ស គឺទ្រព្យចំណេះដឹង និងទ្រព្យសុខភាព បើចំណេះដឹងមានកម្រិតយើងអាចរស់បាន តែបើសុខភាពមានបញ្ហាហើយគឺយើងនឹងពិបាក៕