(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការពង្រីក និងពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមទីជនបទដាច់ស្រយាល គឺជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ហើយអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត។ ដើម្បីទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលក្នុងស្រុក ត្រូវតែបង្កើនសមត្ថភាពព្យាបាល និងគុណភាពគ្រូពេទ្យខ្ពស់។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។

សម្តេចធិបតី បានបន្ថែមថា ការកែលម្អគុណភាពសេវាសុខាភិបាលត្រូវធ្វើជាប្រចាំជាប់មិនដាច់សំដៅលើកកម្ពស់ គុណភាពសេវាថែទាំសុខភាព និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ និងបង្កើនជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាព នៃយន្តការតាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាល ដែលកំពុងអនុវត្តនៅពេលបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល អាណត្តិទី៧ នឹងបន្តយកចិត្តទុកដាក់ និងពង្រឹងគុណភាពមណ្ឌលសុខភាពនៅតាមមូលដ្ឋានទូទាំងប្រទេស ដោយពង្រឹងការពង្រាយគ្រូពេទ្យបន្ថែមទៀត ហើយផ្ដល់សេវា ២៤ម៉ោងលើ២៤ម៉ោង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលច្រើនអាណត្តិហើយ បានយកចិត្តទុកដាក់ជាប្រចាំក្នុងការបង្កលទ្ធភាពឱ្យមានលទ្ធភាពក្នុងការទទួលសេវា លទ្ធភាពទី១ គឺការពង្រីកសេវាសុខាភិបាល តាមរយៈការជំរុញសេវាសុខាភិបាលទៅមូលដ្ឋាន ការកសាងប៉ុស្តិ៍សុខភាព ការកសាងមណ្ឌលសុខភាព ពេទ្យបង្អែកស្រុកដែលយើងពង្រីកជាប្រចាំ បូកផ្សំការកសាង ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់គឺជាកិច្ចការសំខាន់»

ជាមួយគ្នានេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សម្តេចបានចុះនៅតាមទីជនបទជាច្រើនកន្លែង ដោយបានជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅទីនោះ ដោយពួកគាត់បានលើកឡើងពីការលំបាកក្នុងការស្វែងសេវាសុខាភិបាល ផ្លូវពិបាកធ្វើដំណើរជាដើម។ ត្រង់ចំណុចនេះ ហើយរាជរដ្ឋាភិបាលបានខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកសេវាសុខភិបាល ឱ្យកាន់តែកៀកជាមួយប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់ការលំបាក និងជាពិសេសកាត់បន្ថយអត្រាមរណៈមាតា និងទារក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈការការពង្រីកសេវាសុខាភិបាលដល់មូលដ្ឋាននេះ ក្រៅពីបានចូលរួមចំណែកកាត់បន្ថយអត្រាមរណៈមាតា និងទារក ប៉ុន្តែ ក៏បានជួយជំរុញ និងបង្កើនសមត្ថភាព គុណភាពដល់វិស័យសុខាភិបាលរបស់កម្ពុជា នៅតាមមូលដ្ឋានផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នពេញ និងទីប្រជុំជន មិនសូវបារម្ភចំពោះសេវាសុខាភិបាលនោះទេ ប៉ុន្តែ ប្រសិនបើចុះទៅតាមបណ្តាតំបន់ដាច់ស្រយាលនោះនឹងបានមើលឃើញច្បាស់ថា បញ្ហាសុខាភិបាលនៅមានកម្រិតនៅឡើយ ដូចនេះ រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិបានខិតខំពង្រីកសេវាសុខាភិបាលជាបន្តបន្ទាប់ ជាពិសេសលើការងារពង្រឹងគុណភាពសុខាភិបាល មានវិសាលភាពគ្របដណ្តប់ ដើម្បីឱ្យប្រជាពលរដ្ឋទាំង១៧លាននាក់ បានទទួលផលទាំងអស់គ្នា។

«រាជរដ្ឋាភិបាលអាណតិ្តទី៧នេះ ក៏យើងបន្តពង្រឹងបន្ថែមទៀត យើងអភិវឌ្ឍន៍តាមអភិក្រម២, អភិក្រមទី១៖ គឺពីលើចុះមកក្រោម ការធ្វើទំនើបកម្ម និងពិធកម្មនៃសេវាសុខាភិបាលឱ្យកាន់តែទំនើប, អភិក្រមទី២៖ គឺពង្រឹងពីក្រោមឡើងលើ ពង្រឹងសេសវាពីមូលដ្ឋាន ចាប់ផ្តើមពីមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក»

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យក្រសួងសុខាភិបាល ពង្រឹងសមត្ថភាពពេទ្យតំបន់ ដើម្បីជួយកាត់បន្ថយការកកស្ទះប្រជាពលរដ្ឋ ឡើងមកព្យាបាលនៅតែរាជធានីភ្នំពេញ។ ហើយការធ្វើទំនើបកម្មបរិក្ខារវេជ្ជសាស្ត្រជារឿងល្អ តែការពង្រឹងគុណភាពធនធានមនុស្ស លើវិស័យសុខាភិបាលនៅតែជាកិច្ចការចាំបាច់៕