(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានស្នើសុំការយោគយល់ជាថ្មី ពីសំណាក់ប្រជាពលរដ្ឋ ចំពោះការបិទមិនឱ្យធ្វើដំណើរ លើស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដើម្បីធ្វើការជួសជុលកែលម្អឡើងវិញ ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ថា «សូមបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ ឬ ស្ពានមិត្តភាពកម្ពុជាជប៉ុន មេត្តាយោគយល់ចំពោះដំណើរការជួសជុលស្ពានឡើងវិញ។ យើងជួសជុលថែទាំងស្ពាន នៅពេលនេះ អោយបានល្អ មុនពេលស្ពានកាន់ចាស់ទ្រុឌទ្រោមខូចខាតកាន់តែច្រើនឡើង។ សូមបងប្អូនចូលរួមថែរក្សាស្ពានទាំងថ្មីទាំងចាស់ អោយនៅគង់វង្សប្រើប្រាស់បានយូរ»។
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានកសាងឡើងពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៦៣ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន មានប្រវែង១.០៨០ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះត្រូវបាន បំផ្លាញក្នុងឆ្នាំ ១៩៧២ ពេលកម្ពុជាកើតសង្រ្គាម ហើយត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៩៤។ ប៉ុន្តែរហូតដល់ពេលនេះស្ពាននេះ បានរងការខូចខាតយ៉ាងដំណំ ដែលត្រូវធ្វើការកែលម្អឡើងវិញ។
ការជួសជុលស្ពានជ្រោយចង្វារចាស់នេះ នឹងចំណាយទឹកប្រាក់ប្រមាណ ៣០លានដុល្លារសហរដ្ឋអាមេរិក ដែលជាថវិកាជំនួយរបស់រដ្ឋាភិបាលជប៉ុន ហើយអនុវត្តគម្រោងដោយអង្គការ JICA ហើយនឹងប្រើប្រាស់រយៈពេល២២ខែ៕