(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខចំរុងចម្រើន ត្រៀមបើកការដា្ឋនសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារវេជ្ជសាស្រ្តស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃស្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

គម្រោងសាងសង់ទាំង ៣ខាងលើនេះ គ្រោងចំណាយថវិកាសរុបចំនួន ៦២ ៤១៥ ៦០០ដុល្លារអាមេរិក ដែលនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាព និងសុខមាលភាពដោយធានាបានការថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ស្របតាមចក្ខុវិស័យ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និងគោលនយោបាយ ព្រមទាំងអាទិភាពជាយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។

សូមជម្រាបជូនដែរថា អគារមជ្ឈមណ្ឌលកណ្តាល នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពមន្ទីរពេទ្យក្នុងការទទួលពិនិត្យព្យាបាលអ្នកជំងឺ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងសមត្ថភាពបច្ចេកទេស តាមជំនាញឯកទេសនីមួយៗ ប្រកបដោយនវានុវត្តដែលផ្តោតលើគុណភាពជាមូលដ្ឋាន។

មជ្ឈមណ្ឌលកណ្តាលនេះមានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការ ផលិតឱសថវិទ្យុសកម្មបន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុងនេះ មានបណ្តោយ ១៤,៩ ម៉ែត្រ ទទឹង ១១,៧ ម៉ែត្រ និងកម្ពស់ ០២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ ម៉ែត្រការ៉េ។

អគារចំណត នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន មកទទួលសេវាពិគ្រោះ និងសេវាព្យាបាលនៅមន្ទីរពេទ្យ។ អគារចំណត មានបណ្តោយ ៧២ ម៉ែត្រ ទទឹង ២៩ម៉ែត្រ និងកម្ពស់ ១៣ជាន់ ស្មើនឹង ២៨,៥៦៨ ម៉ែត្រក្រឡា ដែលអាចផ្ទុកម៉ូតូ ចំនួន ៤៦៥គ្រឿង រថយន្តចំនួន ៥៤៦គ្រឿង រួមមានអាហារដ្ឋាន ផ្នែកបច្ចេកទេសអេឡិចត្រូនិច និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ឬហៅថា Simulation Center៕