(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអះអាងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះថា លោកនឹងទៅចុះឈ្មោះបោះឆ្នោត នៅសប្តាហ៍ក្រោយនេះ។ លោក កឹម សុខា បានអះអាងបែបនេះនៅក្នុង Comment មួយនៅលើទំព័រ Facebook របស់លោក បន្ទាប់ពីលោកបានបង្ហោះវីដេអូអំពាវនាវ ឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត។

ជាមួយនឹងការបង្ហោះវីដេអូនោះ លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំបាទ កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ សូមនិមន្តនិងអញ្ជើញព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិខ្មែរ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ទៅគិតដល់ថ្ងៃបោះឆ្នោត សូមនិមន្ត និងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមភូមិ-ឃុំ-សង្កាត់របស់បងប្អូនឲ្យបានគ្រប់ៗគ្នា​ ដើម្បីជ្រើសរើសអ្នកដឹកនាំមូលដ្ឋានតាមបំណងប្រាថ្នារបស់បងប្អូន។ ឆ្លៀតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជ្រាបផងដែរថា កាលវេលានៃការចុះឈ្មោះបោះឆ្នោត និងត្រូវធ្វើរហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយឡែកថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនអាចទៅចុះឈ្មោះបាននៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០១៦ផងដែរ»

គិតរហូតដល់ពេលនេះ មានរយៈពេលជាង៤ខែហើយ ដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានសំងំលាក់ខ្លួននៅក្នុងទីស្នាក់ការរបស់គណបក្ស មិនព្រមចេញទៅណានោះទេ ចាប់តាំងពីតុលាការមានចំណាត់ការ ជុំវិញករណីមិនចូលខ្លួន ធ្វើជាសាក្សីនៅក្នុងរឿងសញ្ចារកម្ម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦មក។ ក្រុមមេធាវីរបស់លោក កឹម សុខា ក៏គ្រោងនឹងដាក់ពាក្យប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ឱ្យបានមុនសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ចូលជាស្ថាពរផងដែរ៕