(ពោធិ៍សាត់)៖ សមិទ្ធិផលថ្មីរបស់ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមមានផ្លូវគ្រួសក្រហម ប្រវែង៥,៧៧៩ម៉ែត្រ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងផ្លូវបេតុងជុំវិញផ្សារបំណក់ មានប្រវែង១៨២ម៉ែត្រ និងលូប្រវែង១០០ម៉ែត្រ ស្ថាបនាដោយអគ្គិសនីកម្ពុជា ត្រូវបានលោកបណ្ឌិត ប្រាំង ជលសា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រយោជន៍រួម នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

លោកបណ្ឌិត ប្រាំង ជលសា បានថ្លែងថា ក្រោយពីទទួលបាននូវសំណើរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំឈើតុំ ស្រុកក្រគរនាពេលកន្លងមក អំពីបញ្ហាផ្លូវធ្វើដំណើរ ដោយសារទឹកហូរបាក់ច្រោះដាច់ និងរងការខូចខាតនោះ ប្រមុខរាជរដ្ឋាភិ    បាលកម្ពុជា បានសម្រេចស្ថាបនាផ្លូវគ្រួសក្រហម ប្រវែង៥,៧៧៩ម៉ែត្រ និងផ្លូវបេតុង នៅក្នុងបរិវេណផ្សារបំណក់ មានប្រវែង១៨២ម៉ែត្រ និងលូប្រវែង១០០ម៉ែត្រ សម្រាប់ប្រើប្រាស់ ជាប្រយោជន៍រួមក្នុងភូមិ ជាពិសេសបងប្អូនអាជីវករលក់ដូរក្នុងផ្សារ និងសហគមន៍ កាន់តែមានភាពងាយស្រួល។

លោកបណ្ឌិតបន្តថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់សមិទ្ធិផលជាច្រើន របស់ក្រុមការងាររបស់គណបក្សប្រជាជន កម្ពុជា ដែលពេលថ្មីៗនេះ បានផ្តល់រួចហើយដូចជា បំពង់ពន្លត់អគ្គិភ័យ សាងសង់ស្នាក់ការមុខផ្សារ ដាក់សូឡាបំភ្លឺផ្លូវ ប្រក់ដំបូលផ្សារជាង១០០ម៉ែត្រការ៉េ និងសមិទ្ធិផលផ្សេងៗជាច្រើនទៀត។

ជាមួយគ្នានោះ សមិទ្ធផលនេះ គឺជាចំណងដៃសម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចបងប្អូនអាជីវករ ក្នុងឃុំឈើតុំ ក្នុងការជួយសម្រួលការធ្វើដំណើរប្រចាំថ្ងៃ រួមទាំងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការអភិវឌ្ឍទៅមុខឥតឈប់ឈរ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋាន។

លោកបណ្ឌិត ប្រាំង ជលសា បានគូសបញ្ជាក់ថា ដោយសារសង្គមជាតិយើងទទួលបាននូវសុខសន្តិភាព ស្ថេរភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធាភា និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការខិតខំប្រឹងប្រែងគ្រប់ពេលវេលា របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា គ្រប់ផ្នែក គ្រប់ថ្នាក់ ទើបធ្វើឱ្យសមិទ្ធិផលនេះលេចធ្លោរ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋគ្រប់ៗរូប។

លោកបណ្ឌិតបានជម្រាបជូនទៀតថា នាពេលនេះ ក៏ដូចពេលខាងមុខ ឃើញថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដំណើរការអភិវឌ្ឍន៍ នូវព្រែកជីកហ្វូណនតេជោ និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ហើយត្រូវបានទទួលការអបអរសាទរពីមហាជន ប្រជាពលរដ្ឋទូទាំងប្រទេស និងស្ម័គ្រចិត្តបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍយ៉ាងអធិកអធម ក្នុងនោះក៏មានគណបក្សប្រឆាំងផងដែរ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជីវករផ្សារបំណក់ ចូលរួមថែរក្សាការពារសមិទ្ធិផល រួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ជម្រុញអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់។

នៅក្នុងឱកាសនោះលោកបណ្ឌិត ប្រាំង ជលសា ព្រមទាំងប្រតិភូរួមដំណើរ បានអញ្ជើញសំណេះសំណាល បងប្អូនអាជីវករ និងពិនិត្យស្ថានភាពផ្លូវបេតុង ក្នុងផ្សារបំណក់ ព្រមទាំងបន្តពិនិត្យកសិដ្ឋានចញ្ចឹម និងបង្កាត់ពូជកង្កែប របស់បងប្អូនប្រជាកសិករ ក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ផងដែរ៕