(ឥណ្ឌូនេស៊ី)៖ លោក វង សូត រដ្ឋមន្ដ្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សារដ្ឋមន្ដ្រីសង្គមកិច្ច អាស៊ានលើកទី៩ នៅប្រទេសឥណ្ឌូនេស៊ី ថា កម្ពុជាបានអនុវត្ត និងសម្រេចបាននូវការងារ ទាក់ទងនឹងសុខុមាលភាពសង្គម៤ធំៗ គឺវិស័យពិការភាព វិស័យកុមារ វិស័យមនុស្សចាស់ និងកិច្ចគាំពារសង្គម។
កិច្ចប្រជុំរដ្ឋមន្ដ្រីសង្គមកិច្ច និងអភិវឌ្ឍន៍អាស៊ានលើកទី៩ នៅប្រទេសឥណ្ឌូនេស៊ី នេះត្រូវបានធ្វើឡើងនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពី លោកស្រី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច នៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោករដ្ឋមន្ដ្រីក្រសួងការងារ និងសង្គមកិច្ច នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកអគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោករដ្ឋមន្ដ្រី វង សូត បានលើកឡើងថា ក្នុងការសម្រេចនូវទស្សនវិស័យសហគមន៍ អាស៊ានឆ្នាំ២០២៥ កម្ពុជាបានអនុវត្ត និងសម្រេចបាននូវការងារ ទាក់ទងនឹងសុខុមាលភាព សង្គម៤ធំៗ គឺទី១-វិស័យពិការភាព កម្ពុជាបានដាក់ចេញផែនការ យុទ្ធសាស្ដ្រជាតិស្ដីពីពិការភាព ២០១៤-២០១៨ បានជំរុញការលើកកម្ពស់សិទ្ធិជនពិការ តាមរយៈការរៀបចំស្ដង់ដារហេដ្ឋារចនាសម្ដ័ន្ធរូបវន្ដសម្រាប់ជនពិការធ្វើដំណើរ ការផ្ដល់ការងារក្នុងក្របខណ្ឌរដ្ឋ២ភាគរយ និងឯកជន១ភាគរយ។ ទី២-វិស័យកុមារ បានអនុម័តច្បាប់ស្ដីពីយុត្ដិធម៌ អនីតិជន ដែលជាច្បាប់ដ៏សំខាន់ សម្រាប់តុលាការព្រហ្មទណ្ឌ ដោយបង្ហាញពីនីតិវិធីស្ដារនីតិសម្បទា អនីតិជន សំដៅបង្វែរ និងសមាហរណកម្ម ទៅក្នុងសហគមន៍វិញប្រសើរជាង ការដាក់អនីតិជនក្នុងពន្ធនាគារ។
លោករដ្ឋមន្ដ្រី បន្ថែមថា ទី៣-វិស័យមនុស្សចាស់ បានដាក់ចេញនូវគោលនយោបាយជាតិស្ដីពី ប្រជាជន ឆ្នាំ២០១៦-២០៣០ ដើម្បីបន្ដលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពប្រជាជន ជាពិសេសផ្ដោតលើកុមារ ជនពិការ និងចាស់ជរា ដោយបានរៀបចំគោលនយោបាយ សម្រាប់មនុស្សចាស់ ដែលជាបញ្ហាគន្លឹះសម្រាប់សិក្សា និងអភិវឌ្ឍន៍សុខុមាលភាព មនុស្សចាស់។ ទី៤-កិច្ចគាំពារសង្គម កំពុងអនុវត្តរបបសន្ដិសុខសង្គម សម្រាប់មន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន ប្រកបដោយប្រសិទ្ធភាព ទទួលបានការគាំទ្រពីមន្ដ្រី រាជការសង្គមស៊ីវិល អតីតមន្ដ្រីរាជការស៊ិវិល និងអតីតយុទ្ធជន។
ជាចុងក្រោយ លោក វង សូត បានបញ្ជាក់ថា ទោះបីកម្ពុជា បានខិតខំអនុវត្តនូវកិច្ចការខាងលើទទួលបានលទ្ធផល ជាផ្លែផ្កាយ៉ាងណាក៏ដោយ ក៏កម្ពុជា ទាមទារឲ្យមានការបន្ដកិច្ចសហការល្អរវាង បណ្ដាប្រទេសក្នុងតំបន់ ក្នុងការផ្លាស់ប្ដូរនូវបទពិសោធន៍ល្អៗ និងទស្សនវែងឆ្ងាយ ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជន ក្នុងតំបន់អាស៊ាន៕