(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងនូវការកោតសរសើរ និងអំណរគុណដល់បុគ្គលិក សុខាភិបាលទាំងអស់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបាន និងកំពុងយកចិត្តទុកដាក់ផ្តល់សេវាពិនិត្យព្យាបាល និងជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋដោយសារការពុលអាហារនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងវិជ្ជាជីវ:របស់ខ្លួន ដោយមិនខ្លាចការនឿយហត់ និងមិនបានជួបជុំបងប្អូនញាតិមិត្តក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ដោយជាប់ភារកិច្ចប្រចាំការ ២៤ម៉ោង នៅតាមទីតាំងរៀងៗខ្លួន និងនៅតាមច្រកចេញ-ចូលអន្តរជាតិទាំងអស់។
ទន្ទឹមនេះ លោករដ្ឋមន្រ្តីក៏សូមអំពាវនាវសារជាថ្ម្មីម្តងទៀត សូមឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នការពុលចំណីអាហារ ដោយអនុវត្តវិធានការ អនាម័យចំណីអាហារល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញសេចក្តីជូនដំណឹងរួចហើយក្នុងពេលថ្មីៗនេះ។
លោករដ្ឋមន្ត្រី សូមប្រសិទ្ធិពរជ័យ និងសូមឲ្យកុសលផលបុណ្យនៃការលះបង់ពេលវេលាជាមួយក្រុមគ្រួសារសម្រាប់ប្រជាជនកម្ពុជា របស់ក្រុមគ្រូពេទ្យទាំងអស់ បានដល់លោកអ្នកទាំងអស់ និងសូមឲ្យមានសុខភាពល្អ ជ័យជំនះគ្រប់ភារ:កិច្ច។ សូមជូនពរដល់ជនរួមជាតិទាំងអស់ ជួបប្រទះតែសេចក្តីសុខ និងសុខភាពល្អ ទាំងអស់គ្នា និងចៀសផុតនូវជំងឺដង្កាត់ផ្សេងៗ៕