(ភ្នំពេញ)៖ ប្រតិភូ Gumball 3000 ជាមួយនឹងរថយន្តទំនើបៗប្រណីតៗ ១០២គ្រឿង បានធ្វើដំណើចូលមកដល់ទឹកដីកម្ពុជាហើយ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងកំពុងឆ្ពោះមករាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១។

ប្រតិភូថ្នាក់ដឹកនាំកម្ពុជាដែលអញ្ជើញទៅទទួលបដិសណ្ឋារកិច្ចប្រតិភូ Gumball 3000 នាពេលនោះ មានលោក គុជ បញ្ញាសារ រដ្ឋលេខាធិការ តំណាងលោក សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក អ៊ុក សោភ័ណ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។

ប្រតិភូ Gumball 3000 នឹងមកដល់រាជធានីភ្នំពេញ ហើយរៀបចំតាំងបង្ហាញរថយន្ត និងបង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យ (Supercars Drifting) ជូនសាធារណជនទស្សនានៅបរិវេណសួនច្បារវិមានឯករាជ្យ សួនច្បារសម្តេចជួនណាត និងសួនច្បារវត្តបទុមវតី។

ក៏មានការប្រគុំតន្ត្រីខ្នាតធំលំដាប់អន្តរជាតិ ដោយមានការចូលរួមសម្តែងពីប្រតិភូ Gumball 3000 ដែលជាមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម កីឡាករ និងតារារ៉េបល្បីៗ នៅមុខវត្តបទុមវតី។

គួរជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤៕