(ពោធិ៍សាត់)៖ នៅរដូវបុណ្យកាន់បិណ្ឌនេះ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដែលមានលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិតិ្តយ ព្រមទាំងសមាជិកាគណៈកម្មការ ក្នុងនោះក៏បានការអញ្ជើញចូលរួមពី លោក ម៉ៅ ធនិន អភិបាលខេត្ត បាននាំយកនូវថវិកា និងទេយ្យវត្ថុ ចូលរួមកាន់បិណ្ឌវត្តដែលអត្ថខាត់ និងនៅចុងកាត់មាត់ញកចំនួន៥វត្ត នៅក្នុងខេត្តនាចុងខែកញ្ញា ឆ្នាំ២០១៦ជាបន្តបន្ទាប់។
លោកស្រី ឈឹម ស៊ីណា ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា វត្តទាំង៥ ដែលអត្ថខាត់ និងស្ថិតនៅចុងមាត់ញកនោះ ត្រូវបានប្រតិភូសាខាសមាគមនារី នាំយកថវិកា និងទេយ្យទានទៅចូលរួមកាន់បិណ្ឌជាបន្តបន្ទាប់ នៅចុងខែកញ្ញា ឆ្នាំ២០១៦ រួមមានវត្តពោធិ៍មានបុណ្យ នៅឃុំស្នាមព្រះ ស្រុកបាកាន, វត្តរក្សារុក្ខារាម ឃុំព្រងិល ស្រុកភ្នំក្រវាញ, វត្តព្រះធាតុ ឃុំស្រែស្តុក ស្រុកកណ្តៀង, វត្តវិហារហ្លួង ឃុំអន្សាចំបក់ ស្រុកក្រគរ និងវត្តសុភី សង្កាត់រលាប ក្រុងពោធិ៍សាត់។ លោកស្រីបានបញ្ជាក់ថា ក្នុង១វត្តៗ អង្ករ១០០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច១កេស ទឹកផ្លែឈើ១កេសនិងថវិកា ១លានរៀល។ ក្រៅពីនោះឯកឧត្តម ម៉ៅ ធនិន និងលោក ជំទាវ ក៏បានចូលរួមបន្ថែមក្នុង១វត្ត ទឹកសុទ្ធ៥កេស ទឹកក្រូច៥កេស ទឹកផ្លែឈើ៥កេស និងថវិកា៨០ម៉ឺនរៀល ដោយឡែកវត្តពោធិ៍មានបុណ្យ ថវិកា ៣លាន៦០ម៉ឺនរៀល។
មានប្រសាសន៍សំណេះសំណាល លោកស្រី ហ៊ុន ចាន់ធី បានថ្លែងថា ក្នុងរដូវបុណ្យកាន់បិណ្ឌ ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានរៀបចំក្រុមការងារនិងនាំយកថវិកា ទេយ្យទាន ប្រគេនដល់ព្រះសង្ឃវត្តដែលអត្តខាត់ ក្នុងគោលបំណងចូលរួមជួយផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាត ដល់ព្រះសង្ឃដែលគង់ចាំ ព្រះវស្សាក្នុងទីវត្តអារាម រយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា។ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌជាពិធីបុណ្យមួយ ដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យ ទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ នៅក្នុងអំឡុងពេលនោះ គឺជារដូវស្សាមានភ្លៀងធ្លាក់ជោគជាំ រលឹម ជួបការលំបាកដល់ព្រះសង្ឃពេលធ្វើគោចរបិណ្ឌបាត ហើយម្យ៉ាងវិញទៀត ពិធីនេះធ្វើឡើងផ្សាយឧទ្ទិសកុសលជូនដល់ញាតិកាទាំង៧សណ្តាន តាមរយៈអនុភាព នៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនាកើតជាប្រេតតាមកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយ អត់ឃ្លាន ទាំងអស់នោះបានរួចផុតពីក្តីលំបាកសោកសៅ។ ចាប់ពីពេលនោះមក រហូតមកដល់សព្វថ្ងៃកូនចៅ ប្រុស ស្រី បានមកជួបជុំគ្នាក្រុមគ្រួសារ ខិតខំដាំស្ល រៀបចំខ្លួនប្រាណ នាំយកថវិកា ទេយ្យទាន និងចង្ហាន់ទៅវត្តវេរប្រគេនព្រះសង្ឃ នៅលើឧបដ្ឋានសាលាទៅតាមគន្លងនៃពុទ្ធសាសនា។
នៅក្នុងពេលនោះ លោក ម៉ៅ ធនិន និងលោកស្រី បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមកុំឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើដំណើរ និងបានចែកទានដល់សីលវ័ន្តសីលវន្តី តាមបណ្តាវត្តរួមមានក្រណាត់ស និងថវិកាផងដែរ៕