(កណ្តាល)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគណៈពង្រឹង មូលដ្ឋានស្រុកមុខកំពូល បានចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ ចាស់ជរាក្រីក្រគ្មានទីពឹង និងប្រជាពលរដ្ឋទីទ័លក្រ មានជម្ងឺ ដែលមានការលំបាកខាងជីវភាពខ្លាំង តាមខ្នងផ្ទះដោយផ្ទាល់ នៅឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្តាល។
នៅក្នុងឱកាសចុះសុខទុក្ខ និងចែកអំណោយនេះដែរ លោក វង្សី វិស្សុត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំជូនដល់ បងប្អូនទាំងអស់នៅក្នុងរដូវភ្ជុំបិណ្ឌនេះ។
លោកបានលើកឡើងផងដែរថា ការចុះមកជួបបងប្អូនដោយផ្ទាល់ នៅតាមខ្នងផ្ទះនៅពេលនេះ គឺការអនុវត្តគោលការណ៍ របស់សម្តេចតេជោ ហ៊ុន សែន ដែលតែងបានគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាជន ជាប់ជាប្រចាំ ពិសេសតែងតែនៅរួមសុខរួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្រប់កាលៈទេសៈ និងបានចាត់ទុកសុខទុក្ខ របស់ប្រជាជនថាដូចសុខទុក្ខ របស់សម្តេចតេជោផ្ទាល់។ លោកក៏បានប្រកាសផ្តល់ជូននូវ ស័ង្កសីជូនដល់បងប្អូនមួយចំនួនផងដែរ សម្រាប់ជួសជុលផ្ទះរស់នៅឱ្យបានសមរម្យ។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត រួមនិងក្រុមគ្រួសារ ក៏បានចូលរួមកាន់បិណ្ឌវេនទី១៤ រួមជាមួយនឹងបងប្អូនប្រជាពលរដ្ឋឃុំស្វាយអំពារ ស្រុកមុខកំពូលយ៉ាងច្រើនកុះករ នៅវត្តថ្មី ស្ថិតនៅក្នុងឃុំស្វាយអំពាស្រុកមុខកំពូល។ លោកនិងក្រុមគ្រួសារ បានប្រគេនទេយ្យទាន និងទេយ្យវត្ថុចំពោះព្រះសង្ឃ និងបានចែកជូនថវិកា មួយចំនួនដល់អាចារ្យ និងពុទ្ធបរិស័ទដែលចូលរួម ទាំងអស់ផងដែរ។
នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានមានប្រសាសន៍សំណេះសំណាល ជាមួយព្រះសង្ឃអាចារ្យ និងបងប្អូនប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទទាំងអស់ថា គណបក្សប្រជាជនកម្ពុជា តែបានផ្សារភ្ជាប់ជាមួយនឹង ប្រជាជនជាប់ជាប្រចាំ មិនថាពេលណានោះ។ លោកក៏បានផ្តល់ការណែនាំ ដល់អាជ្ញាធរមូលដ្ឋានគិតគូរផងដែរ អំពីបញ្ហាទឹកសម្រាប់ការបង្កបង្កើនផល របស់បងប្អូនប្រជាពលរដ្ឋ នៅពេលខាងមុខនេះ៕