(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសអញ្ជើញចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ក្រោមមូលបទ «ការលើកកម្ពស់សន្តិភាពសម្រាប់អនាគតរួមគ្នា (Promoting Peace for a Shared Future)», ឧបនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ស្តីពី «ពហុប៉ូល និងការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ» ដោយគូសបញ្ជាក់អំពីតម្រូវឱ្យមានការគិតគូរឡើងវិញនូវអភិក្រមក្នុងវិស័យសន្តិសុខ និងការអភិវឌ្ឍន៍នៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី។
ក្រៅពីចូលរួមវេទិកាសៀនសាន និងជំនួបទ្វេភាគី ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានជួបធ្វើបទសម្ភាសន៍ ជាមួយស្ថានីយ៍ទូរទស្សន៍ CCTV ដើម្បីបង្ហាញអំពីទស្សនៈលើបរិយាកាសសន្តិសុខតំបន់ និងសកលលោកបច្ចុប្បន្ន ក៏ដូចជាបង្ហាញពីគោលនយោបាយការពារជាតិកម្ពុជា នៅក្នុងរាជរដ្ឋាភិបាលនិតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀនសាន លើកទី១១ នេះដែរឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុនហ៊ូវៃ ដែលមានការិយាល័យធំនៅទីក្រុងប៉េកាំង ព្រមទាំងបានធ្វើទស្សនកិច្ចទៅកាន់ទីតាំងប្រវត្តិសាស្រ្តធំៗមួយចំនួននៅក្នុងរដ្ឋធានីប៉េកាំង ផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ៖