(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទិ៥ បានអះអាងថា បើគ្មានថ្ងៃ ៧ មករា ១៩៧៩ ដែលបានរំដោះប្រជាជនកម្ពុជារួចផុត ពីរបបប្រល័យពូជសាសន៍ ប៉ុលពតនោះទេ យើងទាំងអស់គ្នាក៏គ្មានឱកាស បានមកធ្វើបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាមួយគ្នានាពេលនេះបានដែរ។
លោកបានអះអាងបែបនេះ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅវត្តព្រៃរការ ស្ថិតក្នុងភូមិបោះពោធិ៍ឃុំអូរដំបង១ ស្រុកសង្កែខេត្តបាត់ដំបង។
នៅក្នុងពិធីកាន់បិណ្ឌវេណ ទី១៤ ជាវេន ហើយថ្ងៃស្អែកជាថ្ងៃភ្ជុំធំ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានលើកឡើងថា ក្នុងនាមមេបញ្ជាការ មេបញ្ជាការង នាយ នាយរង និងពលទាហានទិសយោធភូមិ ភាគទី៥ទាំងអស់ បានមូលសម្រេចមតិគ្នាកាន់បិណ្ឌវេណទី១៤ នេះ ដើម្បីបានឧទ្ទិសកុសល ផល បុណ្យ ជូនញាតិការទាំង៧សណ្តាន មានមាតាបិតា ជូដូនជីតា ញាតិមិត្តជិតឆ្ងាយ ពិសេស វរជន យុទ្ធជន យុទ្ធនារី ក្នុងកងកម្លាំងប្រដាប់អាវុធដែលបានពាក់លីទៅហើយនោះ សូមមកទទួលកុសលដែលកូនចៅ និងកម្លាំងយោធភូមិភាគទី៥ ទាំងអស់បាននិមន្តព្រះសង្ឃ សូត្រធម៌បង្សកូលឧទ្ទិសជូន សូមឲ្យឆាប់អស់កម្មពារ និងឆាប់មកចាប់ជាតិកំណើតថ្មី ដើម្បីមានឱកាសចូលរួម កសាងអភិវឌ្ឍន៍ប្រទេសជាតិ និងការពារសមិទ្ធិផល ដែលយើងទាំងអស់គ្នា បានបន្សល់ទុកនូវសមិទ្ធិផល ជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ ជាអ្នកបន្តវេណ។
ក្នុងពិធីកាន់បិណ្ឌវេណនេះដែរ សប្បុរស់ជន កងកម្លាំងទិសយោធភូមិភាគទី៥ ទាំងបាននាំគ្នាចូលបច្ច័យសរុបជាង ១៧លានរៀល ក្នុងនោះក៏បានចំណាយក្នុងកម្មវិធី ប្រគេនទេយ្យទានដល់ព្រះសង្ឃ ចែកតាជី យាជី ចុងភៅប្រគេនព្រះអាពាធ២អង្គ ២លានរៀល សម្រាប់កសាងសាលាឆាន់បណ្តោះអាសន្ន ៦លានរៀល សល់ប៉ុន្មានប្រគេនជូន គណៈកម្មការវត្តទុក សម្រាប់ប្រើប្រាស់ក្នុងវត្ត។
លោកមេបញ្ជាការបានបញ្ជាក់ទៀតថា ឆ្នាំនេះ ជាពេលវេលាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ ២០១៧ និងបោះឆ្នោតជ្រើសតំណាងរាស្រ្តឆ្នាំ២០១៨ ពុទ្ធបរិស័ទ្ធទាំងអស់ត្រូវពិចារណាឲ្យ បានច្បាស់លាស់គួរនិង ត្រូវបោះឆ្នោតជូនគណៈបក្សណា ដែលបានរំដោះយើងទាំងអស់គ្នា ពិសេសប្រជាពលរដ្ឋទូទាំងប្រទេស បានរួចផុតពីរបបអាវខ្មៅ ប្រល័យពូជសាសន៍ ជាតិឯងនាថ្ងៃ ៧ មករា ១៩៧៩ បាននិងកំពុងកសាងអភិវឌ្ឍន៍ប្រទេសជាតិបាន រីកចម្រើនដល់សព្វថ្ងៃ ដើម្បីមានឱកាសបន្តដឹកនាំប្រទេស ឲ្យមានការរីកចម្រើនកាន់តែខ្លាំង ថែមទៀតនិងថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រឲ្យបានគង់វង្ស យូរអង្វែងតទៅ៕