(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំបើកសិក្ខាសាលាអន្តរជាតិស្តីពី «ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងភាពជា អ្នកដឹកនាំ»។ សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។
ពិធីនេះបានធ្វើឡើងក្រោមព្រះវត្តមានរបស់សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិ ឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
នាឱកាសនោះដែរ ព្រះអង្គទ្រង់មានព្រះបន្ទួលថា សិក្ខាសាលាអន្តរជាតិនេះនឹងក្លាយជាវេទិកាចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ដ៏មានតម្លៃ តាមរយៈការធ្វើនូវបទបង្ហាញរបស់វាគ្មិនលើជំនាញ ដើម្បីបានយល់ដឹងពីបុគ្គលិកលក្ខណៈនៃអ្នកដឹកនាំ របៀបធ្វើការសម្រេចចិត្ត ការគិតវិជ្ជមាន ការលើកទឹកចិត្ត និងរបៀបធ្វើ កាងារជាក្រុមបានជោគជ័យជាដើម។
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទួលអំពាវនាវដល់សិស្សនិស្សិតទាំងអស់ ត្រូវចេះកំណត់គោលដៅជីវិតដោយភាពឈ្លាសវៃ និងត្រូវចូលរួមលើកកម្ពស់តម្លៃការអប់រំ ខណៈដែលកម្ពុជា ត្រូវការធនធានមនុស្សជាចាំបាច់ក្នុងការអភិវឌ្ឍជាតិ។
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទួលបន្តថា៖ «បន្ទាប់ពីទទួលបានបទពិសោធន៍នេះហើយនឹងអាចក្លាយជាទុនដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្តអត្តចរិត របស់សមណនិស្សិត និងនិស្សិត ឱ្យចេះកំណត់គោលដៅដោយភាពឈ្លាសវៃ និងបន្តបោះជំហានទៅមុខ ក្នុងបេសកកម្មជីវិត ប្រកបដោយការតស៊ូ ពុះពារ ការតាំងចិត្តជំនះរាល់ឧបសគ្គ និងសុទិដ្ឋិនិយមខ្ពស់ ដើម្បីសម្រេច បាននូវសេចក្តីប្រាថ្នារបស់ខ្លួន»។
ជាមួយនេះសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់ជំរុញដល់និស្សិត រួបរួមគ្នាលើកកម្ពស់គុណតម្លៃនៃការអប់រំលើបាវចនា មេត្តា សតិ បញ្ញា ដើម្បីបង្កើនធនធានមនុស្សប្រកបដោយគុណវុឌ្ឍិខ្ពស់ ស្របតាមតម្រូវការនៃបរិបទជាតិ តំបន់ និងសាកលលោក ហើយសមិទ្ធផលនៃការកសាងអំពើល្អ និងក្លាយទៅជាបុណ្យកុសល សេចក្តីសុខ និងសន្តិភាពផ្លូវចិត្ត ដែលនាំឱ្យជីវិតស្រស់ថ្លា និងមានបញ្ញាញាណរស់នៅប្រកបដោយគុណតម្លៃ សេចក្តីគោរព និងការកោត សរសើរខ្ពស់។
បើតាមលោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានថ្លែងថា សិក្ខាសាលាអន្តរជាតិនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ និង១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានសាស្ត្រាចារ្យមកពីប្រទេសអាហ្រ្វិកខាងត្បូង សាស្ត្រាចារ្យមកពីប្រទេសអង់គ្លេស សាស្ត្រាចារ្យមកពីប្រទេសអូស្ត្រាលី សាស្ត្រាប្រទេសស្រីលង្កា និងសាស្ត្រាចារ្យកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងក្រសួងធម្មការ និង សាសនា ក្រសួងអប់រំ ក្រសួងមហាផ្ទៃ ខណៈសិក្ខាកាមចូលរួមមានចំនួន ១៦០រូប និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិចូលរួមសុបប្រមាណជាជាង ៣២៥អង្គនាក់៕