(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា នៅកម្ពុជា មិនមានផ្សែងពុលប៉ះពាល់ដល់ការដកដង្ហើមរបស់ប្រជាជននោះទេ។
ការចេញមកបញ្ជាក់យ៉ាងច្បាស់បែបនេះ របស់រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការកាសែតបរទេស បានចុះផ្សាយថា ផ្សែងពុលបានហើរចេញពីកម្ពុជា ចូលទៅក្នុងទឹកដីថៃ ដែលធ្វើឱ្យមានការប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជាជាខ្លាំង។ ហើយក្រសួងបរិស្ថានបានប្រកាសថា ការបំពុលខ្យល់នៅកម្ពុជាមានត្រឹម ២០ ទៅ ៤០ug/m3 តែប៉ុណ្ណោះ ដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ug/m3 កំណត់ដោយអង្គការសុខភាពពិភពលោក (WHO) ហើយដែលមិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មតិ និងសារព័ត៌មានមួយចំនួនទេ។
នៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ GMS លើកទី៦ នាល្ងាចថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញ លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្សែងពុល នៅកម្ពុជាយើងមាន ប៉ុន្តែ មិនដល់កម្រិតអាសន្ន មិនដល់កម្រិតដល់ប្រជាជនកម្ពុជាយើងដកដង្ហើមទៅទទួលរងនូវឥទ្ធិពលអាក្រក់ពីផ្សែងនេះទេ យើងមានឧបករណ៍តាមដានគុណភាពខ្យល់ គ្រប់២៥រាជធានី ខេត្ត ក្រុង យើងមានឡានដែលតាមវាស់គុណភាពខ្យល់ទីណាដែលយើងសង្ស័យ»។
លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា មកដល់ថ្ងៃនេះនៅប្រទេសកម្ពុជា មិនមានផ្សែងពុលណាមួយបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះទេ បន្ថែមពីនេះ ក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់នៅទូទាំង២៥ រាជធានី-ខេត្ត ព្រមទាំងមានរថយន្តសម្រាប់វាស់គុណភាពខ្យល់ ចល័ត ប្រសិនបើមានករណីសង្ស័យថាតំបន់ណាមួយមានការសង្ស័យ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS បានផ្តោតលើអាទិភាពចំនួនបួនរួមមាន៖ ទី១៖ ពង្រឹងការឆ្លើយតបនឹងបញ្ហាអាកាធាតុ និងគ្រោះមហន្តរាយធម្មជាតិ ភាពធន់របស់សហគមន៍និងប្រព័ន្ធអេកូឡូស៊ី, ២៖ គាំទ្រផ្លាស់ប្តូរការបញ្ចេញការបូនទាប, ទី៣៖ ជំរុញសេដ្ឋកិច្ចចក្រា ពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការបំពុល ដោយចាត់វិធានការច្បាស់លាស់ និងទី៤៖ ដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រងធនធម្មជាតិ ស្តារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពសហគមន៍។
ក្រសួងបរិស្ថាន បានប្រកាសពីការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់នៅកម្ពុជា ដោយបានបញ្ជាក់ថា បច្ចុប្បន្នក្រសួង បាននឹងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់បញ្ហាទាំងនេះ តាមរយៈការដាក់ចេញយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ព្រមទាំងបានអំពាវនាវដល់គ្រប់ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិចូលរួមផងដែរ។ ក្រសួងក៏បានចាត់វិធានការបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ។
នៅក្នុងទិសដៅលើកកម្ពស់ការថែរក្សាបរិស្ថានឱ្យមានភាពស្រស់ស្អាត និងផ្ដល់សុខុមាលភាពដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការប្រើប្រាស់ប្រេងឥន្ធនៈស្តង់ដា EURO 4 និង EURO 5 ដែលបានកាត់បន្ថយយ៉ាងច្រើននូវការសាយភាយសារធាតុបំពុលខ្យល់ចូលទៅក្នុងបរិយាកាស។
ក្រសួងបរិស្ថានបានប្រកាសទៀតថា ក្រសួងបានត្រៀមខ្លួនសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ក្នុងការចែករំលែកបទពិសោធន៍ពីការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់ដើម្បីសុខុមាលភាពប្រជាជនក្នុងតំបន់ និងនៅក្នុងពិភពលោក។
សូមរំឭកថា នៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទ កាលពីថ្ងៃទី២ ខែកុម្ភៈ រវាងលោកបណ្ឌិត អ៊ាង សុផល្លែត និងលោកចាក់កាពុង សុងម៉ានី អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ កម្ពុជា និងថៃ បានប្តេជ្ញាចិត្តរួមគ្នាការពារការបំពុលទៅក្នុងបរិយាកាសប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាសដើម្បីការពារសុខុមាលភាពពលរដ្ឋនៃប្រទេសទាំង២ ក្នុងការឆ្ពោះទៅភាពស្អាត ៣ គឺស្អាតទាំងបរិយាកាសជុំវិញ ស្អាតចិត្ត និងស្អាតទាំងសុខភាព។
នៅក្នុងជំនួបនោះលោក អ៊ាង សុផល្លែត បានលើកបង្ហាញពីរបាយការណ៍ដែលកម្ពុជាបានតាមដានគុណភាពខ្យល់ជាប្រចាំតាមរយៈឧបករណ៍ស្វ័យប្រវត្តិ និងស្ថានីយតាមដាន ត្រួតពិនិត្យគុណភាពខ្យល់ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។
លោក អ៊ាង សុផល្លែត បានបន្ថែមថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបនឹងការបំពុល ទាំងនៅលើគោក លើអាកាស និងនៅក្នុងទឹក៕