(ភ្នំពេញ)៖ ប្រទេសកម្ពុជាបានបើកទំព័រកំណត់ត្រាថ្មីក្នុងឆ្នាំ២០២៤ ដោយទទួលបានឱកាសក្នុងការបង្កើតចំណងទំនាក់ទំនង និងបើកទ្វារទីផ្សារអន្តរជាតិជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។
ក្រោមការដឹកនាំរបស់លោកស្រីបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីកម្ពុជា ដែលជាស្ត្រីដំបូងបង្អស់ក្នុងវិស័យឯកជន បានដឹកនាំគណៈប្រតិភូពីកម្ពុជា ក្នុងការចូលរួមកិច្ចពិភាក្សាសំខាន់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ស្របជាមួយគ្នានេះដែរក៏មានការអញ្ជើញចូលរួមពី SheTrades អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោក Ngozi Okonjo- Iweala និងនាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) លោក Pamela Coke-Hamilton ។
កិច្ចពិភាក្សាមួយនេះ ជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រទេសកម្ពុជាក្នុងការផ្លាស់ប្តូរមតិយោបល់ សិក្សាបន្ថែម ពិភាក្សា និងបង្កើនទំនាក់ទំនងជាមួយអន្តរជាតិ២៨ប្រទេស។ អ្វីដែលសំខាន់ជាងនេះទៅទៀត រាល់ចំណេះដឹង និងបទពិសោធន៍ថ្មីៗទាំងអស់នេះ នឹងក្លាយជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍ ព្រមទាំងពង្រឹងសមត្ថភាពដឹកនាំបណ្តាញសហគ្រិនស្ត្រីប្រចាំតំបន់អាស៊ានឱ្យកាន់តែល្អប្រសើរសម្រាប់ឆ្នាំក្រោយ ក្នុងនាមប្រទេសកម្ពុជាជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំបណ្តាញសហគ្រិនស្ត្រីអាស៊ាន។
បន្ថែមពីនេះទៅទៀត លោកស្រីបណ្ឌិត អេង លីគង់ បានធ្វើការងារយ៉ាងសកម្មជាមួយនឹងក្រុមការងារមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ព្រមទាំង SheTrades ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រីកឱកាសទីផ្សារ ពាណិជ្ជកម្ម សម្រាប់បណ្តាញសហគ្រិនស្ត្រី ក្នុងការនាំចេញនាំចូលផលិតផលក្នុងតំបន់ទៅកាន់ទីផ្សារពិភពលោក។ SheTrades និងបណ្តាញសហគ្រិនស្ត្រីកម្ពុជា បានធ្វើកិច្ចព្រមព្រៀងក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដោយទទួលបានការឧបត្ថម្ភ និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ និង ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នៅកម្ពុជា។
នៅក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នឹងបើកឱកាសទៅដល់ម្ចាស់សហគ្រិនចំនួន១៥០ ដែលមានលទ្ធភាពនាំចេញផលិតផលទៅក្រៅប្រទេស ដោយផ្តោតទៅលើវិស័យសម្លៀកបំពាក់ សម្ភារប្រើប្រាស់ គ្រឿងអលង្ការជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ពិព័រណ៍ពាណិជ្ជកម្មមួយនេះនឹងមានវត្តមានចូលរួមពីក្រុមហ៊ុនអាជីវកម្មក្នុងតំបន់ និងអន្តរជាតិជាច្រើន។ ជាពិសេសក្រុមហ៊ុនប្រមាណ១០ទៅ១៥ក្រុមហ៊ុន មកពីចក្រភពអង់គ្លេស នឹងចូលរួមសហការជាមួយនឹងម្ចាស់សហគ្រិនក្នុងប្រទេសកម្ពុជាក្នុងការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារចក្រភពអង់គ្លេស។
ក្រោមការខិតខំប្រឹងប្រែងរបស់លោកស្រីបណ្ឌិត អេង លីគង់ និងក្រុមការងារ បានធ្វើឱ្យកិច្ចពិភាក្សាមួយនេះ ដំណើរការទៅយ៉ាងរលូន ព្រមទាំងបានពាំនាំមកនូវវិនិយោគិនក្នុងតំបន់ និងអន្តរជាតិ ដើម្បីពង្រីកវិសាលភាពទី ផ្សារនាំចេញនាំចូលផលិតផល នៅក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសកម្ពុជា។ សមិទ្ធផលមួយនេះ បានរួម ចំណែកទៅដល់សេដ្ឋកិច្ចក្នុងប្រទេស បង្កើតឱកាសការងារទៅដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យវិស័យពាណិជ្ជកម្មប្រទេសកម្ពុជាកាន់តែរីកចម្រើន ដែលអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ៕