(ភ្នំពេញ)៖ សម្តេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៧ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។
សភានៃប្រទេសមីយ៉ាន់ម៉ា បានទទួលរៀបចំមហាសន្និបាតលើកទី៣៧ អន្តរសភាអាស៊ាន ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ក្រោមប្រធានបទ «ភាពរស់រវើករបស់អាយប៉ា ដើម្បីសហគមន៍ អាស៊ានរីកចម្រើន»។
មុនដំណើរការមហាសន្និបាតលើកទី៣៧ នៅព្រឹកថ្ងៃទី៣០កញ្ញានេះ អាយប៉ា បានធ្វើពិធីផ្លាស់ប្តូរប្រធានអាយប៉ា គឺពីប្រធានអាយប៉ាលើក៣៦ ដែលមានលោក VIGNESWARAN ជាប្រធានព្រឹទ្ធសភាប្រទេស ម៉ាឡីស៊ី ជាប្រធាន ប្តូរវេនជូន លោក Mahn Winn Khaing Thann ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា ជាប្រធានអាយប៉ាលើកទី៣៧ ចាប់ពីពេលនេះតទៅ។
បន្ទាប់ពីទទួលដំណែងប្រធានអាយប៉ាលើកទី៣៧ លោក Mahn Winn Khaing Thann បាន ស្វាគមន៍ ចំពោះគណៈប្រតិភូសមាជិកអាយប៉ា ទំាង១០ប្រទេស ដែលបានអញ្ជើញចូលរួម មហាសន្និបាតលើកី៣៧ នៅប្រទេសមីយ៉ាន់ម៉ា នៅពេលនេះ។
លោក ក៏បានថ្លែងអំណរគុណ ដល់ ប្រធានអាយប៉ាលើកទី៣៦ ដែលបានខិតខំដឹកនាំអាយប៉ាលើកទី៣៦ ទទួលបាននូវលទ្ធផលជាច្រើន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សភាតំបន់អាស៊ាន ក្នុងការចូលរួមជាមួយរដ្ឋាភិបាលអាស៊ានក្នុងការលើកកម្ពស់និងដើម្បីធ្វើឲ្យសម្រេចនូវចក្ខុវិស័យដែលជាសរសរស្តមអាស៊ាន។
សូមជម្រាបថា អាយប៉ា ជាអង្គការស្ថាប័ននីតិបញ្ញត្តិនៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នយ៍ ដែលមានសមាជិកចំនួន១០ប្រទេស រូមមាន កម្ពុជា ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។
កិច្ចប្រជុំគណៈកម្មការប្រតិបត្តិអាយប៉ា នៃមហាសន្និបាតអាយប៉ាលើកទី៣៧នាព្រឹកនេះ បានប្រជុំពិនិត្យដើម្បីសម្រេចសកម្មភាពនិងរបៀបរវារៈសម្រាប់មហាសន្និបាតលើកទី៣៧ក្នុងនោះ ក៏បានសម្រេចពីប្រទេសទទួលរៀបចំមហាសន្និបាតលើកទី៣៨ បន្តទៀតផងដែរ។ សភាប្រទេសហ្វីលីពីន ត្រូវរៀបចំមហាសន្និបាតលើកទី ៣៨ នៅឆ្នាំ២០១៧។
បន្ទាប់ពីបានចូលរួម កិច្ចប្រជុំគណៈកម្មការប្រតិបត្តិ រួចហើយ សម្តេចពញាចក្រី ហេង សំរិន និងប្រធានគណៈប្រតិភូ អាយប៉ាផ្សេងទៀត បានជូបសវនការជាមួយប្រធានអាយប៉ាលើកទី៣៧។ សវនាការដែលបង្ហាញពីសាមគ្គីភាព ក្នុងគ្រួសារអាយប៉ា បានអបអរសាទរ ចំពោះសភាប្រទេសមីយ៉ាន់យ៉ា ក្នុងការទទួលរៀបចំមហាសន្និបាតអាយប៉ា លើកទី៣៨ នៅពេលនេះ៕