(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃសមាគមឧកញ៉ាកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភា សេចក្តីថ្លែងការណ៍រដ្ឋសភាព និងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា ចំពោះការដាក់ទណ្ឌកម្មដោយអយុត្តិធម៌ របស់រតនាគារសហរដ្ឋអាម៉េរិក មកលើ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និង ក្រុមហ៊ុន L.Y.P Group កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។
យើងខ្ញុំទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ មិនបានធ្វើសកម្មភាពជួញដូរមនុស្សដូចការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ពីព្រោះថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់និង ក្រុមហ៊ុន L.Y.P Group បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា អស់ជាច្រើនទសវត្សរ៍មកហើយ និងបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ ជាពិសេស លោកអ្នកឧកញ៉ា លី យ៉ុងផាត់គឺជាធុរជន ជាអ្នកដឹកនាំ និងជាជនសប្បុរសគំរូរបស់ប្រទេសជាតិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការបង្កើតការងារដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង និងសកម្មភាពសប្បុរសធម៌ជាច្រើន ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីមហាជននៅកម្ពុជា ក៏ដូចជានៅអន្តរជាតិដូច្នេះ ការដាក់ទណ្ឌកម្មនេះគឺពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរីកលូតលាស់ នៃសេដ្ឋកិច្ច សង្គម និងកិច្ចការមនុស្សធម៌នៅកម្ពុជាយ៉ាងពិតប្រាកដ ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្រីក្រនៅតាមជនបទ ដែលកំពុងបម្រើការងារ និងអាស្រ័យផលពីក្រុមហ៊ុន L.Y.P Group រាប់ម៉ឺននាក់ ។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមប្រកាសគាំទ្រនូវសេចក្តីថ្លែងការណ៍នានា និងសេចក្តីប្រកាសព័ត៌មាន នៃក្រសួង ស្ថាប័នខាងលើ និងទទូចឱ្យរតនាគារសហរដ្ឋអាមេរិក ពិនិត្យលើភ័ស្តុតាងឱ្យបានច្បាស់លាស់ និងពិចារណាឡើងវិញលើករណីដ៏អយុត្តិធម៌ ព្រមទាំងលុបចោលការដាក់ទណ្ឌកម្មនេះ ដោយផ្តល់ភាពត្រឹមត្រូវ និងយុត្តិធម៌ដល់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុន L.Y.P Group ដើម្បីបានបន្តការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជាការជួយលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត៕