(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការ កណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាល និងស្វែងយល់ជាមួយប្រជាកសិករដាំបន្លែធម្មជាតិ នឹងចិញ្ចឹមកង្កែប នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង និងបន្តជំរុញឲ្យប្រជាកសិករដាំបន្លែធម្មជាតិសរីរាង្គឲ្យបានច្រើនបន្ថែមទៀត។
ការចុះជួបជាមួយប្រជាកសិករដាំបន្លែនៅក្នុងស្រុករំដួលនេះ មានការចូលរួមពីលោក សុខ រស់ សមាជិក គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុមការងារគណបក្សថ្នាក់ ខេត្ត ថ្នាក់សង្កាត់ និងថ្នាក់ភូមិជាច្រើនរូបផងដែរ។
នៅឱកាសនោះ លោកបណ្ឌិត សម តារា ក៏បានថ្លែងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ដែលសម្ដេចតែងតែនឹករលឹកដល់បងប្អូនទាំងអស់នៅទូទាំងខេត្តស្វាយរៀងនិងផ្ដាំផ្ញើឲ្យកសិករបន្តដាំដុះបន្លែធម្មជាតិ ចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរកសិករកើត យ៉ែម បានរៀបរាប់ប្រាប់ក្រុមការងារថា សព្វថ្ងៃពួកគាត់ដាំដំណាំបន្លែសរីរាង្គជាច្រើនមុខមាន ត្រកួន ននោង ស្ពៃ ស្លឹកគ្រៃ ត្រប់ សណ្ដែកគួរ និងបន្លែទ្រើង ព្រមទាំងចិញ្ចឹមកង្កែប ដែលអាចលក់ទៅកាន់ទីផ្សារផ្គត់ផ្គង់ជីវភាពបានមួយកំរិត បន្ទាប់ពីការងារក្រោយធ្វើស្រែ។
លោកបណ្ឌិតសម តារា ក៏បានកោតសសើរដល់កសិករ កើត យ៉ែម, ព្រំ ស៊ន, ជា វណ្ណី, និង កឹម ថាល់ ដែលបានចូលរួមអនុវត្តវិធីសាស្រ្តដាំបន្លែសរីរាង្គមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សសត្វ បរិស្ថាន និងកាត់បន្ថយការចំណាយផងដែរ។
លោកបណ្ឌិតសម តារា ក៏បានសំណូមពរឲ្យប្រជាកសិករដទៃទៀត បង្កើននូវការដាំដុះនូវបន្លែសរីរាង្គបន្ថែមទៀត និងសូមប្រជាពលរដ្ឋបន្តលើកទឹកចិត្តដល់ប្រជាកសិករ និងប្រើប្រាស់បន្លែសរីរាង្គវិញ ដើម្បីចូលរួមចំណែកថែរក្សាសុខភាពឲ្យបានល្អទាំងអស់គ្នា។
សូមបញ្ជាក់ថា នៅក្នុងឱកាសចុះជួបកសិករដាំបន្លែនៅស្រុករំដួលនេះ លោកបណ្ឌិតសម តារា ក៏បានឧបត្ថម្ភថវិកាជូនក្រុមការងារ និងជូនគ្រួសារកសិករ សរុបការចំណាយទាំងអស់មានចំនួន ១.៦៥០០.០០០រៀលផងដែរ៕