(មណ្ឌលគិរី)៖ មន្ត្រីរាជការ និងថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទសរុប១៤៥នាក់ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចស្វែងយល់ពីការបោះបង្គោលព្រំដែនដែលចាប់ពីច្រកជ័យឃ្លាំងស្រុកស្នួល ខេត្តក្រចេះ ដល់ច្រកឡាប៉ាឃេ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

កម្មវិធីទស្សនកិច្ចនាពេលនេះ ធ្វើឡើងស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទើបមន្ត្រីរាជការរួមទាំងថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទមានឱកាស ក្នុងការមើលដោយផ្ទាល់ពីការបោះបង្គោលព្រំដែន និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តតាមបណ្តោយព្រំដែន ក្រោមការដឹកនាំដោយលោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជាតំណាងលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

ទស្សនកិច្ចនេះ ក៏មានការសម្របសម្រួលធ្វើបទបង្ហាញដោយក្រសួងព័ត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងកងវិស្វកម្មអគ្គបញ្ជាការផងដែរ។ នាឱកាសនៃដំណើរទស្សនកិច្ចនោះ ប្រតិភូក្រសួងបានទទួលស្តាប់នៅបទឧទ្ទេសនាមឧត្តមសេនីយ៍ត្រី សុង សុមនា ស្នងការនៃស្នងការដ្ឋានប្រតិបត្តិការវិស្វកម្ម អំពីការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមបណ្តោយក្រវាត់ព្រំដែន និងបទបង្ហាញស្តីអំពីលក្ខណបច្ចេកទេស និងដំណើរការនៃការបោះបង្គោលព្រំដែនដោយលោក ខុម ពុនណាបាន អគ្គនាយកបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ដំណើរទស្សនកិច្ចនាពេលនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកា បានស្គាល់កាន់តែច្បាស់ និងមិនមានភាពស្រពិចស្រពិលអំពីការរៀបចំបោះបង្គោលព្រំដែន និងបានយល់ពីសារសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន។

មួយវិញទៀត សមាជិក សមាជិកាទាំងអស់ក៏បានឃើញអំពីការអភិវឌ្ឍជាក់ស្តែង នៅតាមបណ្តាខេត្តនានានៅភូមិភាគឦសាន និងមានការរំភើប សប្បាយរីករាយ ប្រកបដោយការជឿជាក់ខ្ពស់ លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា៕