(ភ្នំពេញ)៖ នាថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៤ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC និង ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំប្រតិភូសមាជិក សមាជិកា FASMEC អញ្ជើញចូលរួមពិធីសម្ពោធក្រុមហ៊ុនហាឡាលផាក ខេមបូឌា ក្រោមអធិបតីភាព ឯកឧត្តម អូស្មានហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា (FASMEC ) និង ក្រុមហ៊ុន ហាឡា ផាក (ខេមបូឌា) បានធ្វើការ ចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយគ្នា ដើម្បីបង្កើនការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសបណ្ដាប្រទេសដែលកាន់សាសនាអ៊ីស្លាម ដែលប្រជាជនប្រើប្រាស់ផលិតផលហាឡាល ។