(ពោធិ៍សាត់)៖ មួយម៉ឺនសំណាង រថយន្តបុកតគ្នាក្រឡាប់ និងខូចខាតរថយន្ត៣គ្រឿង តែគ្មានគ្រោះថ្នាក់ដល់អាយុជីវិត ដែលហេតុការណ៍​គួរឲ្យរន្ធត់នេះ កើតឡើង​ម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣០ និង១៣១ ស្ថិតក្នុងភូមិតាក្រចៅ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី អ្នកបើកបររថយន្តម៉ាក HighLander ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3102 បានបើកវ៉ាឆ្វេង ក៏វ៉ាក់អឺជាមួយឡានតូរីស ហើយបានអែមចូលឆ្វេងវិញ ភ្លាមនោះមានរថយន្តម៉ាក Nissan Frontier ព័ណ៌ប្រផះមួយគ្រឿង ពាក់ស្លាកលេខ 2AA-0846 បើកពីក្រោយក្នុងល្បឿនលឿន បានបុកពីក្រោយរថយន្ត HighLander បណ្តាលឲ្យរថយន្ត HighLander ក្រឡាប់ធ្លាក់ប្រឡាយ ពេលនោះក៏មានរថយន្ត Camry បាឡែនមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ2P-1294 បានបុកបន្តជាមួយរថយន្ត Nessan Frontier បណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំ ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ​។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលក្រុង និងកម្លាំងនគរបាលចរាចរណ៍ខេត្ត បានចុះអន្តរាគមន៍ សម្របសម្រួល និងស្ទូចរថយន្តចេញ ជៀសវៀងគ្រោះថ្នាក់បន្តជាយថាហេតុ បន្ដទៀត៕