(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រេចចិត្តបើកការលក់កាបូនឡើងវិញ របស់គម្រោងនៅតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ របស់ភ្នាក់ងារឥណទានកាបូន (VERRA) ដែលជាភ្នាក់អន្តរជាតិឯករាជ្យ មានសិទ្ធិក្នុងការចុះបញ្ជី (Registry) ផ្តល់សុពលភាព (Validation) ផ្តល់ការផ្ទៀងផ្ទាត់ (Verification) និងផ្តល់ការបញ្ចេញឥណទានកាបូន សម្រាប់លក់នៅទីផ្សារអន្តរជាតិ បានសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារព្រៃឈើ។

ការឱ្យដឹងបែបនេះ របស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងបន្ទាប់ពីម្ពុជាអាក់ខានជាង ១ឆ្នាំមកនេះ ហើយត្រូវភ្នាក់ងារឥណទានកាបូន (VERRA) បានប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ថា បានបញ្ចប់ការពិនិត្យសវនកម្មយ៉ាងម៉ត់ចត់នៃគម្រោង REDD+ តំបន់ជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ និងបានវាយតម្លៃថា គម្រោង REDD+ ក្រវាញខាងត្បូងចាត់វិធានការចាំបាច់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងការជួយដល់ជីវភាពសហគមន៍។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីក្រសួងបរិស្ថានមហាអនុតំបន់មេគង្គ នាព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងយ៉ាងដូច្នេះថា «ភ្នាក់ងារឥណទានកាបូន (VERRA) បានប្រកាសរួចហើយបើកឱ្យកម្ពុជា លក់កាបូនវិញ បើកឱ្យកម្ពុជាអាចទទួលថវិកាពីការលក់កាបូនវិញនេះ សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាយើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ, រាជរដ្ឋាភិបាលអាចថែរក្សាព្រៃឈើបាន និងអាចជួយដល់ប្រជាសហគមន៍ ឱ្យរស់នៅមានជីវភាពកាន់តែល្អប្រសើរទៀតផង»

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ការសម្រេចកចិត្តបើកលក់ឥណទានកាបូនឡើងវិញនៅកម្ពុជា របស់ភ្នាក់ឥណទានកាបូន (VERRA) មិនមែនជាយល់សុបិន្តនោះទេ នេះគឺជាការពិនិត្យធ្វើសវនកម្មយ៉ាងម៉ត់ចត់លើធនធានធម្មជាតិ និងពិនិត្យសកម្មភាពទាំងឡាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថាន ជាសេសនាធិការ ជុំវិញកិច្ចការពារបរិស្ថាន និងព្រៃឈើរបស់កម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រេចចិត្តបើកការលក់កាបូនឡើងវិញ របស់គម្រោងនៅតំបន់ការពារធម្មជាតិនៃឧទ្យានជាតិជួរភ្នំក្រវាញនេះ គឺជាការឆ្លុះបញ្ចាំងនូវលទ្ធផលដ៏ល្អប្រសើរ ដែលក្រសួងបរិស្ថាន ក្រោមការគាំទ្រពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាល និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននាពេលកន្លងមក ដោយមានការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ប្រកបដោយជោគជ័យ មានជាអាទិ៍ (១) ការការពារព្រៃឈើបានល្អប្រសើរប្រកប ដោយការអនុវត្តច្បាប់ដ៏ម៉ឺងមាត់ (២) ការលើកម្ពស់ជីវភាពប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិបានល្អប្រសើរជាលំដាប់ ប្រជាពលរដ្ឋមានជម្រើសថ្មី មិនប៉ះពាល់ដល់ធនធានធម្មជាតិ តាមរយៈគោលនយោយលើកទឹកចិត្តផ្តល់ភាពកក់ក្តៅជូនសមរម្យ និង(៣) ការសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេស សាមគ្គីផ្ទៃក្នុងគ្រួសារបរិស្ថានបានរឹងមាំ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងបន្ថែមថា ភាពជោគជ័យជាអាទិភាពទាំង ៣ខាងលើនេះ គឺជាមូលហេតុសំខាន់ ដែលធ្វើឱ្យភ្នាក់ងារឥណទានកាបូន (VERRA) បានចុះមកធ្វើសវនកម្ម (Audit) នៅក្នុងតំបន់គម្រោង និងសម្រេចចិត្តលើកលែងការផ្អាកនៃការលក់ឥណទានកាបូន ក្រោយការធ្វើសវនកម្មនេះ៕