(បន្ទាយមានជ័យ)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារអន្តរ ក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនា ការចុះពិនិត្យផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង២៥០០ម៉ែត្រ នៅឃុំឈ្នួលមានជ័យ ស្រុកព្រះនេព្រះ។

លោក ជា យុទ្ឋារុណ បានឱ្យដឹងថា ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង២៥០០ម៉ែត្រ ទទឹង៧ម៉្រែត កម្រាស់០,២ម៉្រែត ចិញ្ចឹមផ្លូវសងខាងក្រៅដីល្បាយគ្រោះ ទទឹងម្ខាងៗ១ម៉ែត្រ កម្រាស់០,២ម៉ែត្រ សាងសង់លូមូមុខពីរចំនួន១កន្លែង និងលូមូលមុខមួយចំនួន១កន្លែង ស្ថិតនៅភូមិឈ្នួរ ទៅភូមិបន្ទាត់បោះ ឃុំឈ្នួលមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក (ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា)។

លោក ប៊ុន ច័ន្ទវណ្ណៈ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវប្រជាពលរដ្ឋ សូមមេត្តាកុំចាញ់បោកតាមការឃោសនាញុះញង់ បោកបញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបានចោទប្រកាន់រាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងសូមជឿជាក់លើសម្តេចធិបតី ហ៊ុន ម៉ាណែត។

លោក ប៊ុន ច័ន្ទវណ្ណៈ បានកោតសរសើរ និងវាយតម្លៃចំពោះលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ជាពិសេសបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានសហការគ្នាធ្វើការស្ថាបនា ផ្លូវបេតុងនេះឡើងចេញជារូបរាង ដើម្បីបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ទន្ទឹមជាមួយគ្នានេះ លោក ប៊ុន ច័ន្ទវណ្ណៈ បានសំណូមពរប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ សូមជួយថែទាំផ្លូវទាំងនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានផងដែរ៕