(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក) បានចេញផ្សាយនូវ អនុសាសន៍ដល់ស្រ្តីមានផ្ទៃពោះទំាងអស់ បើសិនជាមិនចំាបាច់ គួរតែពន្យាពេលឬកុំធ្វើដំណើរ ទៅកាន់បណ្ដា ប្រទេសចំនួន១១នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈករណីឆ្លងវីរុស Zika កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួរ នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១៦។
ប្រទេសទំាង១១ ខាងលើរួមមាន ព្រុយណេ មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ ហ្វីលីពីន ថៃ ទីម័រខាងកើត និង វៀតណាម។ ជាមួយគ្នានោះដែរ មជ្ឈណ្ឌលបង្ការជំងឺឆ្លងអាមេរិក CDC បាននិយាយនៅ ក្នុងសេចក្ដីថ្លែងការណ៍ថា មនុស្សគ្រប់គ្នាអាចប្រឈមមុខនឹង «ហានិភ័យមិនច្បាស់លាស់»នៃការឆ្លងវីរុស Zika នៅពេលពួកគេធ្វើដំណើរទៅកាន់បណ្ដាប្រទេសទំាងនេះ ត្បិត វីរុសប្រភេទនេះ មានវត្តមាននៅតំបន់អាស៊ី អាគ្នេយ៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ រីឯប្រទេសជាច្រើនក៏បានរាយការណ៍ពីស្ថានភាពឆ្លងធ្ងន់ធ្ងរ និង តូចតាចនៃវីរុស Zika ផងដែរ។ CDC បានន្ថែមថា កម្រិតហានិភ័យនៃការឆ្លងវីរុស Zika នៅក្នុងបណ្ដា ប្រទេសទាំង១១នេះគឺមិនមានភាពច្បាស់លាស់នៅឡើយទេ ក៏ប៉ុន្តែវាអាចខ្សោយជាង តែមិនមែនកម្រិតសូន្យ បើធៀបទៅនឹងតំបន់ ជាច្រើនដែលវីរុស Zika កំពុងមានវត្តមាន ឬ រីករាលដាលខ្លំាង។
សូមជំរាបថា កាលពីថ្ងៃទី៣០ ខែសីហា សហរដ្ឋអាមេរិក ក៏ធ្លាប់បានផ្ដល់អនុសាសន៍ដល់ស្រ្តីមានផ្ទៃពោះកុំឱ្យ ធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ជាទីដែលករណីឆ្លងវីរុស Zika ច្រើនជាង ៣០០ករណី ត្រូវបានគេរាយ ការណ៍។ Zika គឺជាវីរុសមួយប្រភេទឆ្លងតាមរយៈសត្វមូស និង មានទំនាក់ទំនងនឹងជំងឺទារកកើតមកមាន ក្បាលតូចខុសពីធម្មតា ដូច្នេះវិធីសាស្ត្រដ៏ល្អដើម្បីការពារខ្លួន គឺធ្វើយ៉ាងណាកុំឱ្យសត្វមូសខំា៕