(ម៉ាឡេស៊ី)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទស្សនកិច្ចសិក្សា ពីបច្ចេកទេសផលិត និងផ្គត់ផ្គង់សាច់មាន់ហាឡាល់ខ្នាតធំបង្អស់នៅម៉ាឡេស៊ី ព្រមទាំងជួបជាមួយបណ្តាវិនិយោគិន ផ្នែកកិសកម្មចិញ្ចឹមនិងផលិត សាច់មាន់គ្រប់ប្រភេទ ដែលមានគម្រោង មកវិបនិយោគនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងចាប់ពីថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមការសហការនិងសម្រួលដោយ រដ្ឋាភិបាលម៉ាឡេស៊ីតាមរយៈសភាពាណិជ្ជកម្ម ម៉ាឡេស៊ីរដ្ឋជូហ៊ូ ដែលបានអញ្ជើញពិនិត្យ និងសិក្សាដោយផ្ទាល់ដល់ រោងចក្រផលិត ក៏ដូចជាកសិដ្ឋានធំនានាៗ នៅក្នុងរដ្ឋជូហូប៉ារូ ប្រទេសម៉ាឡេស៊ី។
ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្រ្តីប្រតិភូក៏បានជួបជាមួយនឹងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មម៉ាឡេសីុ ក្រុមប្រឹក្សាពាណិជ្ជកម្មរដ្ឋជូហ៊ូ ក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ បណ្តាក្រុមហ៊ុននិងសហករ ដែលកំពុងដំណើរការវិនិយោគ អចលនទ្រព្យ សណ្ឋាគារ ខូនដូរ សេវាកម្មកម្លាំងពលកម្ម និងបណ្តាអង្គការ សមាគមឥស្លាម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងជំរុញពីសក្តានុពលកំណើន សេដ្ឋកិច្ចក៏ដូចជាឱកាសវិនិយោគនៅកម្ពុជា។
លោក អូស្មាន ហាស្សាន់បានលើកឡើងថា ដោយមើលឃើញពីតម្រូវការ ផ្គត់ផ្គង់សាច់មាន់បែបហាឡាល់ នៅកម្ពុជាកាន់តែមានសន្ទុះកើនឡើង ដែលមិនមែនសម្រាប់តែផ្គត់ផ្គង់ ក្នុងស្រុកបណប៉ុណ្ណោះទេ ប៉ុន្តែតម្រូវការទីផ្សាអន្តរជាតិគ្រប់ប្រទេស លើពិភពលោក ជាពិសេសបណ្តាប្រទេសឥស្លាម ៥៧ប្រទេស ជាទិសដៅទីផ្សាធំជាងគេបង្អោះ ដែលកម្ពុជាសម្លឹឃើញពីវិសាលភាពនេះ។
លោកបន្តថា តាមពិតគោលបំណងចម្បងក្នុងការ ទាក់ទាញអោយដំណើរការវិនិយោគវិស័យមួយនេះ គឺដើម្បី ចូលរួមលើកកំពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសពង្រីកការងារកសិកម្ម ឧស្សាហកម្ម និងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងបង្កើនសេដ្ឋកិច្ចសហគមន៍។
ជាក់ស្តែងក្នុងឱកាសនោះដែរ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ២០១៦ គណៈប្រតិភូក៏បានជួបភាក្សាការងារជាមួយ លោក Kamaruzzaman Abu Kassim នាយកក្រុមហ៊ុន Johor Coperation និងទស្សនកិច្ច នៅកសិដ្ឋាននិងបច្ចេកទេស នៃការចិញ្ចឹមដែលប្រើរយៈពេល៣៥ថ្ងៃ ដែលក្រុមហ៊ុននេះកំពុងដំណើរការ ផលិតផ្គត់ផ្គង់សាច់មាណជិត ៦០លានក្បាលក្នុង១ឆ្នាំៗ ក្នុងនោះដែលផ្គត់ផ្គង់ និងដំណើរការសាខា KFC ក្នុងស្រុកនិងបណ្តាប្រទេសអាស៊ាន រួមមានទាំងនៅកម្ពុជា ហាង Pizza Hurt, ហាង Ayamas, ហាង Rasamas, QSR Groups នៅម៉ាឡេសីុ។
ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោក អូស្មាន ហាស្សាន់ ក៏បានអញ្ជើញជួបប្រជាពលរដ្ឋខ្មែរនៅស្រុក Kota Tingi នៃរដ្ឋជូហ៊ូ ដែលអ្នកទាំងនោះ បានមករស់នៅក្លាយជាសញ្ជាតិម៉ាឡេស៊ី តាំងពីជាង៣០ឆ្នាំមុន ក្នុងនោះមានអ្នកខ្លះមករស់នៅ តាំងពីមុនសម័យសង្គ្រាម ហើយភាគច្រើនគឺនៅក្នុង សម័យប៉ុល ពត ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ តែម្តង។
លោក អូស្មាន ហាស្សាន់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយបានកោតសរសើរ ដល់ប្រជាពលរដ្ឋខ្មែរ ម៉ាឡេស៊ីទាំងអស់ ដែលនៅតែបន្តទំនាក់ទំនងល្អ និងចូលរួមជាកម្លាំង ថវិកាស្មារតី ដើម្បីសហការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕