(ភ្នំពេញ)៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដោយបញ្ជាក់ថា ជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើ ក្នុងប្រទេសកម្ពុជានឹងហក់ឡើងជាបន្តបន្ទាប់។

ក្រសួងធនធានទឹកបញ្ជាក់ថា កន្លងមក ដោយសារមានឥទ្ធិពលពីព្យុះយ៉ាហ្គី (Yagi) បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ លើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ ដែលបង្កឱ្យទឹកទន្លេមេគង្គហក់ ឡើងខ្លាំងរហូតដល់មានការជន់លិចនៅផ្នែកខាងលើនៃប្រទេសឡាវ។

ព្យុះទី ១៣ ឈ្មោះ Bebinca និងសម្ពាធទាប បានគ្របដណ្តប់លើឈូងសមុទ្រ Bay of Bengal មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាម៉ែន (Andaman Sea) និងឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះក្នុងកំឡុងពេលជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើ ក្នុងប្រទេសកម្ពុជានឹងហក់ឡើងជាបន្តបន្ទាប់ផងដែរ ហើយនឹងហូរចូលតាមព្រែកនិងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ។

ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងធនធានទឹក កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើការវិវត្តនៃស្ថានភាពអាកាសធាតុ និងទឹកជំនន់បន្តទៀត៕