(ត្បូងឃ្មុំ)៖ ដំណើរទស្សនកិច្ចសិក្សា របស់ពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃ ជើងទី២ ដើម្បីឲ្យបងប្អូនបានឃើញការអភិវឌ្ឍន៍ នៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ខណៈដំណើរនេះមានរយៈពេល២ថ្ងៃ១យប់ ដោយមានសមាជិករាប់រយនាក់ បានមកដល់ទីតាំងបង្គោលព្រំដែនលេខ១៣០ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សូមជម្រាបថា ដំណើរទស្សនកិច្ចសិក្សានេះ ផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។

សម្រាប់កម្មវិធីនេះ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺផ្តល់ជូនដោយឥតគិតថ្លៃ ដែលឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភ ពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះឡើយ៕