(ពោធិ៍សាត់)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណវត្តបាក់ចិញ្ចៀន បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យកតញ្ញូ ជូនចំពោះលោកតា លោកយាយ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ចំនួន២៤៩នាក់ មកពី៩ភូមិ ក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយមូលដ្ឋានស្រុក ភ្នំក្រវាញ បានថ្លែងថា បុណ្យកតញ្ញូ ដែលបានប្រារព្ធធ្វើនាពេលនេះ គឺជាលើកទី៦ហើយ និងបន្តទៅវត្តភ្នំលោក ឃុំសំរោងបន្ថែមទៀត ក្នុងគោលបំណងផ្តល់ជូននូវសម្ភារៈ បរិក្ខា និងថវិកាមួយចំនួន ឱ្យបានមុននៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជិតឈានចូលមកដល់នាពេលខាងមុខ។

លោកបានបន្តថា ការបង្កើតឱ្យមានកម្មវិធីបុណ្យកតញ្ញូនេះឡើង គឺអនុវត្តទៅតាមអនុសាសន៍ណែនាំ របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលបានឱ្យក្រុមការងារតាមបណ្តាក្រុងស្រុក រៀបចំឱ្យមានកម្មវិធីបុណ្យនេះឡើង គ្រប់ឃុំសង្កាត់ទូទាំងខេត្ត ឱ្យបានមុនពិធីបុណ្យប្រពៃណីជាតិខ្មែរ ដូចជាបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌជាដើម។ បុណ្យកតញ្ញូ ដែលក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ រៀបចំនាពេលនេះ ក៏ដូចកន្លងមក គឺគ្រាន់តែផ្តួចផ្តើមគំនិត ដើម្បីឱ្យកូនចៅ មានឱកាសសុំខមាលទោស ពីសំណាក់អ្នកមានគុណ ដែលបានខិតខំប្រឹងប្រែង ចិញ្ចឹមបីបាច់ថែរក្សាកូន កុំឱ្យមានបាបកម្ម និងតបស្នងសងគុណ តាមរយៈ នៃកម្មវិធីបុណ្យកតញ្ញូនេះ ឱ្យបានទៅដល់កូនចៅគ្រប់ៗគ្នា។

លោក យឹម វិសិដ្ឋ បានគូសបញ្ជាក់ថា កម្មវិធីបុណ្យកតញ្ញូនេះ គ្រាន់តែជាផ្នែកតូចមួយ ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកភ្នំក្រវាញធ្លាប់បានធ្វើ ហើយមិនត្រឹមតែប៉ុណ្ណោះក្រុមការងារយើង ក៏បានជួយមើលពីតម្រូវការបំពេញបន្ថែមប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងហេដ្ឋារចនាសម័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន ក៏ដូចជាជួយវិស័យសុខាភិបាល ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជួយវិស័យអប់រំ ដោយបានជួយដល់សិស្សានុសិស្ស ពិសេសសិស្សថ្នាក់ទី១២ ឱ្យមានការប្រឡងសាកសមត្ថភាព និងមានគ្រូសម្រាប់បង្រៀនបំប៉នបន្ថែម រហូតប្រឡងបញ្ចប់ការសិក្សា និងបន្តសិក្សានៅថ្នាក់ឧត្តម ឬជំនាញវិជ្ជាជីវៈ។ នេះមិនទាន់គិតពីការជួយពីកិច្ចការងារសន្តិសុខនៅមូលដ្ឋាន ដូចជាការជួយប្រជាការពារជាដើម។

លោកបានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមានទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយ ដោយបានកែទម្រង់ស៊ីជម្រៅ ក្នុងការស្តារ និងកសាងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ជាពិសេសនាពេលថ្មីៗនេះ បានបើកការដ្ឋានព្រែកជីកហ្វូណនតេជោ និងជម្រុញតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែលជាចំណងដៃប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបាន ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះចំនួន៥ មនុស្ស ផ្លូវ ទឹកភ្លើង និងបច្ចេកវិទ្យា ប្រកបដោយសមត្ថភាព។

លោកសូមលំឱនកាយ គោរពដឹងគុណចំពោះ លោកតា លោកយាយទាំងអស់ ដែលជានិច្ចកាលតែងតែគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ បញ្ជាក់ឱ្យឃើញពីភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ មកលើថ្នាក់ដឹកនាំតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ក៏បានចែកជូនទ័យទាន ជូនលោកតា លោកយាយ ចំនួន២៤៩នាក់ ក្នុងម្នាក់ៗទទួលបាន ស៊ុម និងរូបថត១សន្លឹក សំលៀកបំពាក់មួយកំប្លេរ ស្បែកជើងផ្ទាត់១គូរ និងថវិកា១ម៉ឺនរៀលផងដែរ៕