(ស្វាយរៀង)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ភ្លៀងធ្លាក់ជោកជាំជាប់ៗគ្នា ១០ ថ្ងៃ កន្លងមកនេះ បានបង្កជាជំនន់ទឹកភ្លៀងលិចលង់ ដំណាំស្រូវរបស់បងប្អូន ប្រជាកសិករប្រមាណ ៦០ ហិកតា ក្នុងស្រុកកំពង់រោទ៍ ចន្ទ្រា និងក្រុងបាវិត ខេត្តស្វាយរៀង ។ នេះបើយោងតាមការបង្ហោះឲ្យដឹង នៅលើ Facebook Page ផ្លូវការរបស់ក្រសួងធនធានទឹក ផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ទៀតថា ក្រោយមានហេតុការណ៍នេះ កើតឡើង មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បាននាំយក គ្រឿងចក្រ (Excavator) ចុះកាយ ប្រឡាយ ចំនួន ០២ ខ្សែដើម្បីដោះ ជំនន់ទឹកភ្លៀងនេះ ទៅផ្នែកខាងក្រោម ដោយខ្សែទី ១ មានប្រវែង ២,៣០០ ម៉ែត្រស្ថិត ក្នុងឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ និងខ្សែទី ២ ប្រវែង ១,៥០០ ម៉ែត្រ ស្ថិតក្នុងឃុំព្រៃគគីរស្រុក ចន្ទ្រា និងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ៕