(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានសម្ដែងនូវការខកចិត្តនិងសោកស្ដាយយ៉ាងខ្លាំងដោយបានដឹងថា ក្រសួងរតនាគារសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មដោយអយុត្តិធម៌លើ លោក លី យ៉ុងផាត់ ដែលជាប្រជាពលរដ្ឋ និងធុរជនម្នាក់របស់កម្ពុជា និងក្រុមហ៊ុនរបស់លោក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋសភាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «វិធានការដែលផ្អែកលើរបាយការណ៍គ្មានការពិតមិនគ្រប់ជ្រុងជ្រោយ ចេញតែពីភាគីម្ខាងនិងដោយអយុត្តិធម៌ លើបទចោទជាប់ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំនិងបទល្មើសបច្ចេកវិទ្យា (Cyber Crime) ផ្សេងៗនោះ មានលក្ខណៈ នយោបាយ និងបានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាជាសកល។ វិធានការនេះបានប៉ះពាល់ដល់ការធ្វើធុរកិច្ច សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាព និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា ផងដែរ»

រដ្ឋសភា បន្តថា «ក្នុងនាមជាធុរជនម្នាក់ ឯកឧត្តម លី យ៉ុងផាត់ បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុង ការវិនិយោគបង្កើតក្រុមហ៊ុន ផ្តល់ការងារជូនពលរដ្ឋ នៅតាមសហគមន៍ជនបទ និងទីក្រុងជាច្រើនវិស័យ ក្នុងការ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅកម្ពុជា។ ឯកឧត្តមក៏ជាបុគ្គលសំខាន់មួយរូប បានរួមចំណែកកៀរគរទាក់ទាញ អ្នកវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុននៅកម្ពុជា ផងដែរ»

រដ្ឋសភា មើលឃើញថាវិធានការរបស់រតនាគារសហរដ្ឋអាមេរិកដែលគ្មានមូលដ្ឋានច្បាស់លាស់ បានដើរផ្ទុយពីឆន្ទៈដែលបានគូសបញ្ជាក់ដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ ជ អូស្ទីន (Lioyd J. Austin III) ក្នុងជំនួបជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកមកកាន់ទីក្រុងភ្នំពេញ កាលពីខែមិថុនាកន្លងទៅនេះ។

បើតាមរដ្ឋសភា, កម្ពុជាមានឆន្ទៈមោះមុតច្បាស់លាស់ និងបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្ត ដៃគូអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីដោះស្រាយបញ្ហាសកលដូចជា ការប្រយុទ្ធប្រឆាំងការជួញដូរ មនុស្សនិងពលកម្មដោយបង្ខំនេះជាដើម។ ការកសាងច្បាប់ ការផ្តល់សច្ចាប័នលើបទដ្ឋានគតិយុត្តអន្តរជាតិនានា រួមនិងការដាក់ចេញនូវវិធានការដ៏សកម្មរបស់កម្ពុជា គឺដើម្បីការពារសុខសុវត្ថិភាពជូនមនុស្សជាតិ ទប់ស្កាត់ឧក្រិដ្ឋកម្ម លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងនីតិរដ្ឋ។

កម្ពុជានៅតែស្វាគមន៍ បន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិនានា រួមទាំងសហរដ្ឋអាមេររិកផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ផ្អែកលើកិច្ចសន្ទនា ការគោរពគ្ន ទៅវិញទៅមក សាមគ្គីភាព ផលប្រយោជន៍រួម ការគោរពអធិបតេយ្យ ឯករាជ្យ និងស្មារតីស្មោះត្រង់នៃភាពជាដៃគូ រវាងគ្នានិងគ្នា៕