(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីស្នាក់ការថ្មី និងពិធីប្រកាស សមាសភាពប្រធានគណៈកម្មាធិការថ្មី របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក គីម រិទ្ធី អនុប្រធានស.ស.យ.ក. សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក. រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តឧត្តរមានជ័យ សរុបប្រមាណ៣៦២រូប។

ថ្លែងទៅទៅកាន់អង្គពិធី លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ខេត្តឧត្តរមានជ័យទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្តបេ្តជ្ញាចិត្តចូលរួមយ៉ាងសកម្ម ជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជានាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន។

លោកបានចូលរួមអបអរសាទរចំពោះសមិទ្ធផលនានាដែលស.ស.យ.ក. ខេត្តឧត្តរមានជ័យ សម្រេចបានជាពិសេសនោះ គឺអគារទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ។ ទន្ទឹមនឹងនេះលោកបានធ្វើការអបអរសាទរ ចំពោះលោក មាន ចាន់យ៉ាដា ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាការ ស.ស.យ.ក. ខេត្តឧត្តរមានជ័យផងដែរ។

លោក ហ៊ុន ម៉ានី ជឿជាក់យ៉ាងមុតមាំថា ទីស្នាក់ការថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ សម្រាប់យុវជន ក្នុងនោះការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ទាំងនៅក្នុងខេត្តឧត្តរមានជ័យផ្ទាល់ និងបណ្ដាខេត្តជិតៗនេះផងដែរ។

លោក ហ៊ុន ម៉ានី បានបន្ថែមថា ការជួបជុំគ្នាថ្ងៃនេះ មិនត្រឹមតែដើម្បីអបអរសាទរ ចំពោះសមិទ្ធផលដ៏ថ្លៃថ្លា ដែលស.ស.យ.ក. ខេត្តឧត្តរមានជ័យ ទើបសម្រេចបានប៉ុណ្ណោះទេ តែជាឱកាសបង្ហាញពីបេសកម្ម ដោយបានសម្រេចអស់រយៈពេល១២ឆ្នាំ កន្លងមកនេះ ក្រុមគ្រួសារស.ស.យ.ក.បានរួមដៃគ្នាសហការ និងរួបរួមសាមគ្គីគ្នាជាកម្លាំង និងឆន្ទៈ ឥតងាករេ ក្នុងការបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត។

នាឱកាសនោះ លោក ហ៊ុន ម៉ានី បានអះអាងថា ក្នុងរយៈពេល ១២ឆ្នាំ បន្ទាប់ពីការកែប្រែឈ្មោះ ស.ស.យ.ក. បានសម្រេចនូវសមិទ្ធផលជាច្រើន ហើយមកដល់បច្ចុប្បន្ននេះ ឯកសណ្ឋាន និង Logo ស.ស.យ.ក. ទទួលបានការទទួលស្គាល់ និងមានឈ្មោះល្បីរន្ទឺក្នុងនាមជាអង្គការយុវជនមួយនៅកម្ពុជា។ ការទទួលស្គាល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនេះ កើតចេញពីការប្រព្រឹត្តអំពីល្អ ការងារស្ម័គ្រចិត្ត និងការលះបង់របស់សមាជិក សមាជិកា ស.ស.យ.ក.។

លោកបានបន្ថែមថា « បេសកកម្មស.ស.យ.ក. គឺបន្តស្មារតី ២ ធ្នូ តាមរយៈការបង្កើតឱកាសរៀបចំកម្មវិធីនាំមកនូវការជួបជុំ រួបរួម ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ និងនាំមកនូវការឯកភាពទស្សនៈជាតិ»។

ផ្សាភ្ជាប់នឹងការលើកឡើងនេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា តាមរយៈកម្មវិធីនីមួយៗ ដែលស.ស.យ.ក. បានរៀបចំគឺមានគោលបំណង នាំមកនូវការជួបជុំ បង្កើនទំនាក់ទំនង មិត្តភាព និងការចូលរួមកិច្ចការសង្គមដើម្បីប្រជាជាតិកម្ពុជា។ ក្នុងន័យនេះ តាមរយៈកម្មវិធី នឹងនាំសមាជិក សមាជិកា មកជួបជុំគ្នា បង្កើតស្នាមញញឹមជាមួយគ្នា ក្នុងនាមជាក្រុមគ្រួសារខ្មែរ។

សូមជម្រាបជូនថា ដោយមានការគាំទ្រ និងជ្រោមជ្រែងពី លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. លោក គីម រិទ្ធី អនុប្រធាន ស.ស.យ.ក. អគារថ្មីរបស់ស.ស.យ.ក. ខេត្តឧត្តរមានជ័យ ត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីខែមករា ឆ្នាំ២០២២ និងទើបតែត្រូវបានបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា អគារមានទំហំ ១,០៨០ម៉ែត្រក្រឡា កម្ពស់២ជាន់ និងមាន១០បន្ទប់៕